រដ្ឋមន្ដ្រីកសិកម្ម បន្ដយកកូនត្រី និងសម្ភារចិញ្ចឹមចែកជូនកសិករនៅខេត្តកណ្តាល និងណែនាំឲ្យមន្ដ្រីជំនាញត្រូវចុះមកជួយជំរុញការចិញ្ចឹម


ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀត មកចែកជូនកសិករ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

ពិធីនេះ ក៏មានចូលរួមពីឯកឧត្តម អ៊ុក ដាមរី អ្នកតំណាងរាស្រ្តមណ្ឌលកណ្តាល, ឯកឧត្តមហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត និងឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន យ៉ាងច្រើនកុះករ។

ឯកឧត្តម នូវប៉េង ច័ន្ទតារា បានរាយការណ៍ជូនអង្គពិធីជ្រាប ដោយសង្ខេបអំពីវឌ្ឍនភាព នៃវិស័យកសិកម្មនៅទូទាំងខេត្តកណ្តាល ជាពិសេសផលិតកម្មបន្លែ ដែលទូទាំងខេត្តមានលទ្ធភាពផ្គត់ផ្គង់ ឲ្យទីផ្សាររាជធានីភ្នំពេញបានជាង ៤០០តោនក្នុង១ថ្ងៃ។

ដោយឡែកវិស័យវារីវប្បកម្ម នៅទូទាំងខេត្តមាន២៨សហគមន៍នេសាទ តំបន់អភិរក្សមាន៥កន្លែង និងអន្លុងអភិរក្សមាន៨កន្លែង និងមាន១៧គ្រួសារចិញ្ចឹមត្រី មានស្រះចិញ្ចឹម១៧មានត្រីពូជ១៣៤,០០០ក្បាល។ ក្រៅពីនេះ ក៏មានកសិករចិញ្ចឹមត្រីតាមបែមាន ៨គ្រួសារ មានបែចំនួន២០។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានធ្វើការសំណេះសំណាល ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មកជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកណ្តាល ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជម្រាបជូនអង្គពិធីផងដែរ អំពីការងារបង្កបង្កើនផល (ស្រូវ បន្លែ ដំណាំ មាន់ ជ្រូក ត្រី និងកង្កែប)។

ដោយឡែក ការងារវារីវប្បកម្ម ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនអង្គពិធីជ្រាបថា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ កាលពីថ្ងៃទី១៨ ខែកុម្ភៈ និងកាលពី ថ្ងៃទី១៤ ខែកក្កដាកន្លងមក សម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យខិតខំជំរុញការងារផលិតកម្ម ស្បៀង ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយៈការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណៈគ្រួសារ ដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀត កំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។

ជាពិសេសនោះ សម្រាប់កម្មវិធីដ៏មានសារសំខាន់នេះ សម្តេចតេជោបានជួយឧបត្ថម្ភថវិកា ចំនួន២,០០០លានរៀលផងដែរ។

ក្រៅពីផលិតកម្មស្បៀង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានរំលេចជូនអង្គពិធីផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាក់ស្តែង នៅខេត្តព្រះសីហនុ ហើយថ្មីៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអនុម័តថវិកា១៥០លានដុល្លារ ដើម្បីរៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងទីរួមខេត្តសៀមរាប។

ចំពោះការចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យមន្ទីរ មន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំពុះពារគ្រប់បែបយ៉ាង ចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយៈការបង្កើនផលិតភាពផលិត ក្លាយវិបត្តិទៅ ជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាព ចិញ្ចឹមតាមគ្រប់រូបភាព។ ត្រូវធ្វើការតាមដាននូវរាល់សកម្មភាព របស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យការចិញ្ចឹម ទទួលបានផលល្អ។

ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ ចាប់ផ្តើមចិញ្ចឹម។ សម្រាប់ថ្ងៃនេះ កសិករចំនួន ៥០គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែង ៧០០ក្បាល ចំណី៤បាវ និងតង់ប្លា ស្ទិកចិញ្ចឹមត្រី១។

ចេញពីកម្មវិធីចែកកូនត្រីអណ្តែង នៅជាប់កន្លែងកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុង, ឯកឧត្តមតំណាងរាស្រ្ត និងសហការី ក៏បានអញ្ជើញមកពិនិត្យស្រះចិញ្ចឹមត្រីឆ្តោ របស់លោក សុខ ភាព ជាលក្ខណគ្រួសារ រួចបន្តដំណើរមកក្នុងភូមិ ឃុំដដែល ដើម្បីពិនិត្យមើលការចិញ្ចឹមត្រីឆ្តោ របស់លោក លឹម ម៉េង ចិញ្ចឹមត្រីឆ្តោ ត្រីពោ ឆ្ពិន កាហែ ព្រួល ត្រីរៀល -ល-។

ជាលក្ខណៈគ្រសារ តាំងពីឆ្នាំ២០១៧ លើផ្ទៃដី១២ហិកតា ក្នុងស្រះចិញ្ចឹមធំៗចំនួន៣ហើយ ក្នុង១ឆ្នាំអាចរកចំណូលបានជាង៣ម៉ឺនដុល្លារ ដោយឡែកឆ្នាំទី១ និងទី២ ដោយសារខ្វះបទពិសោធន៍ និងដើមទុន ធ្វើឲ្យការចិញ្ចឹមត្រីរបស់គាត់គ្មានចំណូល។ បច្ចុប្បន្ន ដោយសារចំណូលខ្ពស់ កសិកររូបនេះទិញដីពង្រីកបន្ថែម ហើយថា នឹងពង្រីកផលិតកម្មចិញ្ចឹម ឲ្យបានច្រើនស្របតាមសេចក្តីត្រូវការរបស់ទីផ្សារ។

បច្ចុប្បន្ន តម្លៃត្រីគ្រប់ប្រភេទមានការធ្លាក់ចុះបន្តិច ប៉ុន្តែអាចទទួលយកបាន រឿងដែលសំខាន់គឺទុនវិនិយោគដែលខ្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុឯកជន មានការប្រាក់ខ្ពស់ ពេក នេះបើតាមម្ចាស់កសិដ្ឋានបានលើក ឡើង។ ពួកគាត់ទាំងពីរនាក់ សង្ឃឹម និងជឿជាក់អនាគតដ៏ខ្លី បន្ទាប់ពីស្ថានភាពជំងឺឆ្លងត្រឡប់ទៅរកស្ថានភាពប្រក្រតី ទាំងទីផ្សារ និងតម្លៃនឹងបានល្អប្រសើរជាបន្តបន្ទាប់ឡើងវិញ។

ពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពចិញ្ចឹមត្រីទាំងពីរកន្លែងរួចមក ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត ដើម្បីកាត់បន្ថយការនាំចូល។

បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានលើកទឹកចិត្តឲ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះ គឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ យើងមានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមបានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជំរុញបន្ថែមការងារបច្ចេកទេស ផលិតចំណី បង្កាត់ពូជ និងទីផ្សារ។ នៅក្នុងស្ថានភាពល្អប្រសើរ គួរជួយរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេស បានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងគួរពង្រីកផលិតកម្ម លើផ្ទៃដីដែលមានស្រាប់។

មន្ទីរគួររៀបចំគោលនយោបាយពង្រីកផលិតកម្មបន្លែ និងចិញ្ចឹមត្រី ដើម្បីប្រែក្លាយខេត្តកណ្តាលជាប្រភព ផ្គត់ផ្គង់ស្បៀង (បន្លែ និងត្រី) ដោយនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ នាពេលអនាគត៕