សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តឧប្បលវតី


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តឧប្បលវតី (ហៅវត្តឈូក) ស្ថិតក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
សមិទ្ធផលដែលត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន៖
១-ឧបដ្ឋានសាលាដែលមានទំហំ ៣០x២៤ម៉ែត្រ និងមានផ្ទៃអគារសរុបចំនួន៨២០ម៉ែត្រក្រឡា សាងសង់ឡើងតាមទម្រង់រចនាបថស្ថាបត្យកម្មបូរាណប្រពៃណីខ្មែរនិយម
២-កុដិថ្មកម្ពស់២ជាន់
៣-ព្រះចេតិ៍យ៍
៤-បល្លង្កព្រះ
៥-បន្ទប់ទឹក និងសមិទ្ធផលនានាជាច្រើនទៀត ដោយចំណាយថវិកាសរុបចំនួន៤០១,៨៦១ដុល្លារអាមេរិក (បួនរយមួយពាន់ ប្រាំបីរយហុកសិប មួយដុល្លារអាមេរិក)។
សមិទ្ធផលទាំងនេះ គឺទទួលបានការចូលរួមឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ តាន់ ម៉ាលី រួមជាមួយនឹងសប្បុរសជន ពុទ្ធបិស័ទក្នុង និងក្រៅប្រទេស។