ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ផ្ដាំដល់ក្រុមនិស្សិតដែលត្រៀមទៅសិក្សានៅអូស្ត្រាលី និងណូវែលសេឡង់ ត្រូវខិតខំបំពេញចំណេះវិជ្ជារបស់ខ្លួន ដោយរក្សាស្មារតីជាតិជាធំ


(ភ្នំពេញ)៖ ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមនិស្សិតដែលត្រៀមចេញដំណើរទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវែលសេឡង់ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើដល់ពួកគេថាឲ្យប្រឹងប្រែងសិក្សារៀនសូត្របំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយកវាមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាវិញ ក្រោមស្មារតីខិតខំដើម្បីជាតិជាធំ។

កិច្ចសំណេះសំណាលនេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដែលមានក្រុមនិស្សិតចូលរួមចំនួន ២៧នាក់ ដឹកនាំដោយលោក ទៀប សុត្ថា បច្ចុប្បន្នជាមន្រ្តីនៃអាជ្ញាធរសវនកម្មជាតិ។

លោក ទៀប សុត្ថា បានឲ្យដឹងថា ជយលាភីសរុបចំនួន ២៧នាក់ (ស្រី ១១នាក់) ក្នុងនោះមាននិស្សិតជាមន្រ្តីរាជការតាមស្ថាប័នរដ្ឋសរុប ១៦នាក់ ក្នុងនោះមានមន្រ្តី NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១នាក់ និងមានបុគ្គលិកឯកជនចំនួន ១១នាក់។

លោក ទៀប សុត្ថា ការសិក្សានៅប្រទេសទាំងពីរនេះមានរយៈពេល២ឆ្នាំ ហើយក្រោយពេលបញ្ចប់ការសិក្សា និស្សិតមិនអាចបម្រើការងារនៅប្រទេសផ្សេងក្រៅពីកម្ពុជាមាតុភូមិរបស់ខ្លួន រយៈពេល២ឆ្នាំ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងណូវែលសេឡង់ មានបទពិសោធន៍លើការបណ្តុះបណ្តាលធនធានមនុស្ស និងតែងជួយបណ្តុះបណ្តាលដល់និស្សិតរបស់កម្ពុជាជាដរាបមក។ កម្ពុជាមានកិច្ចសហការជាមួយអូស្ត្រាលីលើវិស័យជាច្រើន ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សនេះឯង។

ឯកឧត្តមរដ្ឋមន្ត្រី  អ៊ិត សំហេង បានបន្តថា ចំពោះការសិក្សា ទោះបីផ្នែកណាក៏ល្អដែរ ឲ្យតែលើកកម្ពស់ចំណេះដឹងរបស់និស្សិតកម្ពុជា ដើម្បីផលិតធនធានមនុស្សយកមកជួយអភិវឌ្ឍន៍ប្រទេសវិញ ខណៈការអភិវឌ្ឍធនធានមនុស្សចាំបាច់ណាស់ សម្រាប់កសាងសង្គមគ្រួសារផង និងសង្គមជាតិផង ដូច្នេះក្រុមនិស្សិតត្រូវធ្វើជាបង្គោលគ្រួសារឲ្យបានមាំ និងឆ្លៀតជួយកសាងសង្គមជាតិឲ្យមានការអភិវឌ្ឍតទៅមុខទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីការខិតខំជួយរបស់អូស្ត្រាលីយ៉ាងច្រើនមកលើប្រទេសកម្ពុជា នាសម័យអ៊ុនតាក់ និងការចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទន្ទឹមនោះ អូស្ត្រាលីជាប្រទេសមុនគេមួយដែរ ដែលចូលមកជួយកម្ពុជាក្នុងសម័យផ្ដួលរំលំរបបខ្មែរក្រហម។ ពិសេសរដ្ឋាភិបាលអូស្ត្រាលី បានជួយជ្រោមជ្រែងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់និស្សិតកម្ពុជាបានយ៉ាងច្រើន ដែលនិស្សិតទាំងនេះ បច្ចុប្បន្នបានក្លាយជាធនធានដ៏មានតម្លៃមួយសម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។

ជាការដាស់តឿនរបស់ឯកឧត្តមរដ្ឋមន្ត្រី នោះគឺគ្រប់និស្សិតកម្ពុជាដែលចេញទៅសិក្សានៅក្រៅប្រទេសត្រូវមានមនសិការថា ប្រទេសជាតិខំផ្ដល់ឱកាសឲ្យទៅរៀន យ៉ាងណាក៏ត្រូវតបស្នងវិញខ្លះដែរ ធ្វើម៉េចឲ្យបានលទ្ធផលពិតប្រាកដយកមកជួយជាតិវិញ។

ឯកឧត្តមរដ្ឋមន្ត្រី  អ៊ិត សំហេង បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្សជារឿងចាំបាច់ណាស់ ព្រោះឥលូវយ៉ាងហោចណាស់ត្រូវមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រដែរ ដើម្បីអភិវឌ្ឍឲ្យទាន់បច្ចេកវិទ្យាទំនើប ឬបដិវត្តឧស្សាហកម្ម ៤.០។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងប្រាប់ក្រុមនិស្សិតអំពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលក្រសួងបានខិតខំកន្លងមក និងបន្តខិតខំសម្រាប់អនាគតទៅមុខទៀតផងដែរ៕