ឯកឧត្តម សួស យ៉ារ៉ា ប្រគល់សម្ភារវេជ្ជសាស្រ្ត ជែល អាល់កុលលាងដៃ និងម៉ាសជូនរដ្ឋបាលខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


នៅសាលប្រជុំសាលាខេត្ត លោកជំទាវ ចឹក ហេង អភិបាលរងខេត្ត អញ្ជើញជូបប្រតិភូនៃសមាគមប្រឹក្សាសុខភាពប្រជាជនដឹកនាំដោយលោកវេជ្ជបណ្ឌិត ជិន សំណាង ក្នុងពិធីប្រគល់សម្ភារវេជ្ជសាស្រ្ត ជែល អាល់កុល និងម៉ាស ដែលជាអំណោយរបស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងលោកជំទាវ សម្រាប់ចែកជូនរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង៨ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។

លោកជំទាវ ចឹក ហេង បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត មណ្ឌលព្រះវិហារ ចំពោះសុខទុក្ខ ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលកន្លងមកឯកឧត្តមតែងតែបានបញ្ជូនក្រុមគ្រូពេទ្យកូរ៉េ គ្រូពេទ្យខ្មែរ ដែលមានសមាគមប្រឹក្សាប្រជាជន ជាអ្នកសម្របសម្រួល មកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិថ្លៃជារៀងរាល់ឆ្នាំ។ ជាក់ស្តែងនាពេលនេះ រដ្ឋបាលខេត្តទទួលបាននូវសម្ភារវេជ្ជសាស្ត្រ រួមមាន៖ ជែល អាល់កុល ម៉ាស ដែលជាអំណោយរបស់ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ដើម្បីការពារទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងការបើកឱ្យចូលរៀនរបស់សិស្សានុសិស្ស ។

បន្ថែមពីនេះលោកជំទាវអភិបាលរង ក៏បានថ្លែងអំណរគុណដល់លោក វេជ្ជបណ្ឌិត ជិន សំណាង និងក្រុមការងារនៃសមាគមប្រឹក្សាសុខភាពប្រជាជន ដែលបាននាំយកនូវសម្ភារដែលជាអំណោយដ៏ថ្លៃថ្លានាពេលនេះ ។

លោកវេជ្ជបណ្ឌិត ជិន សំណាង បានលើកឡើងពីការយកចិត្តទុកដាក់ របស់សមាគមប្រឹក្សាសុខភាពប្រជាជន ការនាំមកនូវក្រុមគ្រូពេទ្យមកព្យាបាលជំងឺដោយឥតគិថ្លៃ ជាពិសេសឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ដែលឯកឧត្តមតែងតែចង្អុលបង្ហាញឱ្យមានការយកចិត្តទុកដាក់ ពីសុខភាពប្រជាជនក្នុងខេត្តព្រះវិហារទាំងមូល។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា អំណោយជាសម្ភារនាំយកមកប្រគល់ជូននាពេលនេះរួមមាន៖ ជែលលាងដៃចំនួន ១.០០០ដប, អាល់កុល៣០លីត្រ, ម៉ាស៥០ប្រអប់, និងសម្លៀកបំពាក់វេជ្ជសាស្រ្តចំនួន៥០ឈុត ដែលនឹងបែងចែកជូនសាលាខេត្ត សាលាក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ ៕