រដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣


អនុលោមតាមប្រតិទិនរបស់ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានសមាសភាពចូលរួមរបស់ឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជានាយករដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយកទីចាត់ការចំណុះសាលាខេត្ត អាជ្ញាធរក្រុង ស្រុក ផងដែរ ។

បន្ទាប់ពីក្រុមប្រឹក្សាខេត្តបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៦រួចមក សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត បានលើកឡើងដោយផ្តោតសំខាន់ពីសុវត្ថិភាពសិស្សានុសិស្ស នៅពេលសិក្សាឡើងវិញនៅគ្រប់គ្រឹះស្ថានទាំងរដ្ឋ និង ឯកជន ចំពោះវិធីការក្នុងការការពារនៃជម្ងឺកូវិដ១៩ សំខាន់ចំពោះ សិស្សថ្នាក់មត្តេយ្យសិក្សា និង បឋមសិក្សា ទោះបីមានវិធានការយកចិត្តទុកដាក់ខ្ពស់ពីលោកអ្នកគ្រូក៏ពិតមែន តែចំពោះ សិស្សទាំងនោះនៅមិនទាន់យល់ដឹងច្បាស់ពីវិធានការការពារ ដូចសិស្សមធ្យមសិក្សានោះឡើយ។ កិច្ចប្រជុំក៏បានលើកពីបញ្ហាបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់  ករណីល្បែងស៊ីសង និង ពាក់ព័ន្ធការធ្វើកូតកម្មរបស់បុគ្គលិកសណ្ឋាគារ សុវត្ថិភាពចរាចរណ៍ បញ្ហាផ្លូវថ្នល់ បញ្ហាជីកដីធ្វើអាជីវកម្ម និង ការ បញ្ចូលហ្គាសរថយន្ត និង ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីមានការយឺតយ៉ាវ ព្រមទាំងការលក់ដូរភាពអាណាធិបតេយ្យនៅក្រោយ មន្ទីរពេទ្យគន្ធបុប្ផា និង បញ្ហាស្លាកសញ្ញាចរាចរណ៍ផងដែរ ។

ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរ អំពីការព្រួយបារម្ភ ចំពោះសិស្សានុសិស្សនៅកម្រិត សិក្សាមត្តេយ្យ និង បឋមសិក្សា ដោយសង្គេតឃើញថា គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បានអនុវត្តយ៉ាងតឹងរឹង នូវិធានការទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដោយលោកគ្រូអ្នកគ្រូ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សរបស់ខ្លួនដោយធ្វើអនាម័យ និង ការវាស់កម្តៅ ព្រមទាំងពាក់ម៉ាស់បានត្រឹមត្រូវ ។ តែការព្រួយបារម្ភនោះ ក្នុងពេលសិស្សចេញលេង ពួកគាត់នឹងមានភាពស្និតស្នាលគ្នាជាមួយមិត្តភ័ក្ត ដោយពួកគាត់មិនបានរក្សាគន្លាតពីគ្នាឡើង ដែលជាបញ្ហានោះ ទោះបីកូនៗបាន ទទួលបានការអប់រំពីឳពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ក៏យើងមិនអាចគេចផុតពីបញ្ហាទាំងនេះឡើយ ។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និង កម្លាំង សមត្ថកិច្ចទាំងបី មន្ទីរពាក់ព័ន្ធ ក្នុងការបង្ក្រាបឲ្យខាងតែបាន ចំពោះបទល្មើសកាប់ទន្រ្ទានព្រៃលិចទឹក និង តំបន់ឧទ្យានជាតិ , ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឲ្យពូជត្រីនៅបឹងទន្លសាបហិនហោចវិនាស បញ្ហាល្បែងស៊ីសង គ្រឿងញៀន និង ត្រូវធ្វើពីបច្ចុប្បន្នភាពចំនួនគ្រួសារដែលនៅលើដីរដ្ឋ នៅក្នុងតំបន់ឧទ្យានជាតិឲ្យបានច្បាស់ពីប្រវត្តិសាវតា បើមិនមានប្រវត្តិសាវតាច្បាស់លាស់នោះទេ គឺត្រូវអនុវត្តតាមវិធានការរដ្ឋបាល។ ឯកឧត្តមក៏បានលើកផងដែរ ចំពោះ វិវាទរបស់វិយោជិក ជាមួយវិយោជកនោះ ត្រូវបានធ្វើការដោះស្រាយបានជាបណ្តើរៗផងដែរ ។ ម៉្យាងទៀត ឯកឧត្តមក៏សុំឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវធ្វើការពង្រឹងបន្ថែមទៀត អំពីសុវត្ថិភាពចរាចរណ៍ ការរៀបចំដាក់ស្លាកសញ្ញាចរាចរណ៍ ត្រូវពង្រឹងឲ្យបានពីច្បាប់អនុញ្ញាតការបើកធ្វើអាជីវកម្មបញ្ចូល ឬ ស្តុបហ្គាសក្នុងក្រុង និង ជម្រុញការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជា ពលរដ្ឋបានយកទៅប្រើប្រាស់ ព្រមទាំងឲ្យអាជ្ញាធរក្រុង ត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ ចំពោះភាពអាណាធិបតេយ្យ ក្នុងការយកផ្លូវថ្នល់ក្រោយមន្ទីរពេទ្យគន្ធបុប្ផា ជាកន្លែងលក់ដូរ ដែលធ្វើឲ្យកកស្ទះចរាចរណ៍ទៅមក។

ឯកឧត្តម អ៊ឹង ហឿន ក៏បានសំណូមពរដល់បណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក គឺត្រូវបង្កើនការងាររបស់ខ្លួន សំខាន់រាល់បញ្ហាដែល នៅសេសសល់ យកមកធ្វើការដោះស្រាយ ដើមី្បឲ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងកន្លងមក ក្នុងគោលដៅបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង សង្គមជាតិ ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការសាទរចំពោះសម្តេចនាយករដ្ឋមន្ត្រី បានផ្តល់កញ្ចប់ថវិកាចំនួន ១៥០លានដុលា ដើមី្បស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ ឲ្យកាន់តែមានសោភណ្ឌភាព ស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយពីកូវិដ១៩ ។ ចំពោះរាល់បញ្ហាដែលក្រុមប្រឹក្សាខេត្ត បានលើកនូវក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៦នេះ សូមសាមីមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក ត្រូវយកទៅធ្វើការពិនិត្យ និង អនុវត្តឲ្យបានទទួលលទ្ធផលជាផ្លែផ្កា ក្នុងការលើកកម្ពស់ជីវភាព និង សុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ៕