ពិធីបើកអង្គសិក្ខាសាលាថ្នាក់ជាតិស្តិពីការផ្សព្វផ្សាយសិទិ្ធអ្នកនិពន្ធ និងអង្គភាពគ្រប់គ្រងសិទ្ធិរួមតូរ្យតន្រ្តីកម្ពុជានៅ ទីស្តីការក្រសួង


នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំអង្គសិក្ខាសាលានេះឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្រ្ជាបនូវចំណេះដឹងអំពីច្បាប់ ស្តីពីសិទិ្ធអ្នកនិពន្ធ ជាពិសេស មុខងារ តួនាទី និងផលប្រយោជន៍របស់អង្គភាពគ្រប់គ្រងសិទ្ធិរួមតូរ្យតន្រ្តីកម្ពុជា ជូនដល់អ្នកនិពន្ធ ម្ចាស់សិទ្ធិ ផលិតករ ក្រុមហ៊ុនផលិតកម្ម អ្នកប្រើប្រាស់ស្នាដៃនិងអ្នកពាក់ព័ន្ធផ្សេងៗ ទៀត ដើម្បីពង្រឹងការគោរពក៏ដូចជាការអនុវត្តច្បាប់សិទិ្ធអ្នកនិពន្ធនិងសិទិ្ធប្រហាក់ប្រហែលឱ្យមានប្រសិទ្ធភាពខ្ពស់។

អង្គភាពគ្រប់គ្រងសិទិ្ធរួមតូរ្យតន្ត្រីកម្ពុជា Cambodian Music Collective Society (CMCS) នេះមានតួនាទី គ្រប់គ្រង ការពារ ប្រមូលនិងបែងចែកលាភការលើស្នាដៃតូរ្យតន្រ្តីជូនសមាជិកដែលជាម្ចាស់សិទ្ធិ អ្នកនិពន្ធបទភ្លេង និងអ្នកនិពន្ធទំនុកច្រៀង ព្រមទាំងផ្តល់អាជ្ញាបណ្ណជូនអ្នកប្រើប្រាស់ស្នាដៃដោយស្របច្បាប់ មានយន្តការក្នុងការដោះស្រាយបញ្ហាប្រឈមនានានៃការរំលោភបំពានលើស្នាដៃតូរ្យតន្រ្តី និងមានការសម្របសម្រួលក្នុងការធ្វើអាជីវកម្មរវាងអ្នកនិពន្ធជាម្ចាស់សិទ្ធិនិងអ្នកប្រើប្រាស់ស្នាដៃ ព្រមទាំងមានការគ្រប់គ្រងអង្គភាពនេះប្រកបដោយអភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងដើម្បីអភិវឌ្ឍលើកស្ទួយវិស័យតូរ្យតន្រ្តីនៅកម្ពុជាឱ្យមានការរីចម្រើន។