ថ្នាក់ដឹកនាំខេត្តបាត់ដំបងចុះលើកទឹកចិត្ត និងនាំយកអំណោយមួយចំនួនប្រគល់ជូនកងនគរបាលការពារព្រំដែន


ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយនគរបាលនៃកងវរសេនាតូចការពារព្រំដែនគោកលេខ ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន និងកងវរសេនាតូចការពារព្រំដែនគោក ៨១៩ ស្ថិតក្នុងស្រុកកំរៀង។

កម្មវិធីសកម្មភាពនេះដែរក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទី-អង្គភាពជុំវិញខេត្ត និងអ្នកតំណាងរបស់ក្រុមហ៊ុនសូគីម៉ិច ដែលជាសម្ពន្ធមេត្រីភាព ព្រមទាំងមន្រ្ដីរាជការមួយចំនួនទៀត។

នាឱកាសនោះ ឯកឧត្តម ងួន រតនៈ បានឱ្យដឹងថា សកម្មភាពទាំងនេះជាប្រពៃណីរបស់រដ្ឋបាលខេត្ត ជាមួយសម្ពន្ធមេត្រីភាពក្រុមហ៊ុនសូគីមិច ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនៅមុនពេលរដូវភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងគោលបំណងលើកទឹកចិត្តដល់កម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ ខណៈកំពុងខិតខំបំពេញភារកិច្ចចំពោះមុខ ដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ ដោយទទួលបានលទ្ធផលយ៉ាងល្អ ពោលគឺនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង មិនមានបញ្ហាអ្វីកើតឡើងឡើយ។

ឯកឧត្តមបានបញ្ជាក់ថា ក្រៅពីភារកិច្ចការពារព្រំដែនគោក កម្លាំងនគរបាលក៏បានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ពិសេសបានចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានភូមិ-ឃុំ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទៀតផង។

ជាងនេះទៀត កម្លាំងការពារព្រំដែនគោកក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលក្នុងកិច្ចការពារការរីករាលដាលជំងឺកូវីដ-១៩ ពិសេសចូលរួមពិនិត្យដោះស្រាយចំពោះប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ ទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើឲ្យកម្លាំងនគរបាលការពារព្រំដែនគោកបន្តសកម្មភាពនេះបន្តទៀត សំដៅធ្វើយ៉ាងណាទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់នានា ទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ជាពិសេសទប់ស្កាត់ភាពអសន្ដិសុខមួយចំនួនបង្កឡើងដោយក្រុមអគតិមួយក្ដាប់តូច ដូចជាការញុះញុងមូលបង្កាច់ផ្សេងៗ ធ្វើឲ្យមានការស្អប់គ្នាទៅវិញទៅមក បង្កអសន្ដិសុខជាដើម។

ជាមួយគ្នានោះ រដ្ឋបាលខេត្តបាត់ដំបង និងក្រុមហ៊ុនសូគីមិច បាននាំមកនូវគ្រឿងបរិភោគមួយចំនួនមកចែកជូនដល់កងវីរសេនាតូចទាំងពីរ ដោយក្នុងមួយវរសេនាតូចទទួលបានសាច់ជ្រូក ១០០គីឡូក្រាម នំអន្សម ១ស្លឹក ព្រមទាំងមីភេសជ្ជៈមួយចំនួន និងថវិកា ៤,០០០,០០០រៀល ដែលជារបស់រដ្ឋបាលខេត្ត និង ២,០០០,០០០រៀលទៀតជារបស់ក្រុមហ៊ុនសូគីមិច។

បន្ទាប់ពីសួរសុខទុក្ខនគរបាលខាងលើនេះហើយ ថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់ក៏បានចូលបុណ្យវេនចំនួន ៣វត្ត នៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ក្នុងនោះឯកឧត្តមអភិបាលខេត្ត ងួន រតនៈ ក៏បានចូលបច្ច័យក្នុងមួយវត្ត ២,០០០,០០០រៀល និងទេយ្យទានជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕