ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ ត្រឹមថ្ងៃទី០៨ ខែកញ្ញា រាជរដ្ឋាភិបាលបានបើកប្រាក់ឧបត្ថម្ភជាង៧៨លានដុល្លារ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ


(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីដាក់ឱ្យដំណើរការ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំទ្បុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតមកដល់ត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានឧបត្ថម្ភជាង៧៨លា នដុល្លាររួចហើយ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។

ការបញ្ជាក់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសលោកបានទទួលជួប និងសម្តែងការស្វាគមន៍ចំពោះលោក Markus Buerli នា ឱកាសដែលលោកទើបត្រូវបានតែងតំាងជាប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ថ្មីប្រចាំកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

សេចក្តីប្រកាសព័ត៌មានបានដកស្រង់សំដីរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រាប់ប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស យ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះ រាជរដ្ឋាភិបាលបានបើកផ្តល់ប្រាក់ឧបត្ថម្ភ ប្រមាណ ៧៨ ២៧០ ០០០ ដុល្លារអាមេរិក ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយរាជរដ្ឋាភិបាលនៅបន្ដពិនិត្យ និង តាមដាននូវឥទ្ធិពលនៃ វិបត្តិជំងឺកូវីដ-១៩នេះ មកលើជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយត្រៀមលក្ខណៈដើម្បីបន្តអនុវត្ត កម្មវិធីជំនួយសង្គម ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច»។

ក្នុងជំនួបនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោក Markus Buerli បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន រួមទាំងវិធានការគោលនយោបាយដែលបាន និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ លើវិស័យសេដ្ឋកិច្ច ជាពិសេស អន្តរាគមន៍របស់រាជរដ្ឋាភិបាលតាមរយ:ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំទ្បុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងវឌ្ឍនភាពនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ។

លោក Markus Buerli បានកោតសរសើរអំពីវិធានការ ដែលដាក់ចេញដោយ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានទទួលស្គាល់ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកផ្តល់ហិរញ្ញប្បទាន ដើម្បីរក្សាចីរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕

ពាក់ព័ន្ធនឹងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, អគ្គបណ្ឌិតសភាចារ្យ ក៏បានបន្ថែមថា នេះជាឆ្នាំទី៣ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតទ្បើង។ ក្នុងរយៈពេល ៨ ខែ (មករា-សីហា) ឆ្នាំ ២០២០នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានវិភាគទានសរុបចំនួន ១៥ ៩៤៩ ៤៧៤ ដុល្លារអាមេរិក (រួមទាំងថវិកាដែលបរិច្ចាគផ្ទាល់នៅមន្ទីរពេទ្យ) គឺមានការថមថយបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដោយសារ តែឥទ្ធិពលនៃជំងឺកូវីដ-១៩ ។

សូមជម្រាបថា ម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាស អនុវត្ត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ មកដល់ពេលនេះ មានរយៈពេល៤ខែមកហើយ៕