ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-អាមេរិក លើកទី១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃស្អែក


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយកិច្ចប្រជុំនេះនឹងដឹកនាំដោយសហប្រធាន២រូប គឺឯកឧត្តម ផាម ប៊ិញមិញ និងឯកឧត្តម ម៉ៃឃើល ប៉ុមភីអូ រដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិក។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា កិច្ចប្រជុំ នឹងពិភាក្សារិះរកវិធី និងមធ្យោបាយនានា ដើម្បីអាចឱ្យភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់ ក៏ដូចជាដើម្បីពង្រឹងភាពជាដៃគូនៅក្នុងបណ្តាប្រទេសមេគង្គ និងសហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌនៃភាពជាដៃគូថ្មីនេះ។

គួរកត់សម្គាល់ថា ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ត្រូវបានលើកកម្ពស់កម្រិតពិភាក្សាពីគំនិតផ្តួចផ្តើមមេគង្គក្រោម (LMI)។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១ នឹងផ្តល់កាលានុវត្តភាពដល់បណ្តាប្រទេសមេគង្គ និងសហរដ្ឋអាមេរិក ពិនិត្យមើលឡើងវិញនូវ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងកំណត់ទិសដៅអនាគតនៃភាពជាដៃគូនេះ៕