សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញ គោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខ គ្រួសារសព សម្តេច វិបុលបញ្ញា សុខ អាន


ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ គោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខ គ្រួសារសព សម្តេច វិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ដែលបានទទួលមរណភាពពី វេលាម៉ោង១៨.៣២នាទី ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ សម្ដេច សូមចូលរួមរំលែកទុក្ខ ប្រកបដោយសេចក្ដីសោកស្ដាយអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ សម្តេចវិបុលបញ្ញា សុខ អាន ដែលជាអ្នកដឹកនាំដ៏ឆ្នើមមួយរូបរបស់ ប្រជាជាតិខ្មែរយើង បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីពុះពារជំនះឧបសគ្គគ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ ប្រកបដោយទឹកចិត្តស្វាមីភក្តិជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីស្ដារ កសាង អភិវឌ្ឍ ប្រទេសជាតិ លើគ្រប់វិស័យទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពសង្គម ស្ថិរភាពនយោបាយ រក្សាការពារបានឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងនិតិរដ្ឋ។