សម្តេចចៅហ្វាវាំង គង់ សំអុល បន្តចូលរួមកាន់បិណ្ឌនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង


ក្នុងឱកាសដែលពុទ្ធបរិស័ទគ្រប់ស្រទាប់នៅកម្ពុជាមានសេចក្តីអំណរសាទរយ៉ាងក្លៀវក្លា និងរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទានដោយសេចក្តីជ្រះថ្លា នៅក្នុងរដូវបុណ្យកាន់បិណ្ឌឆ្នាំជូត ទោស័ក ព.ស ២៥៦៤ នៅតាមទីអារាមនានា ដើម្បីទទួលយកកុសលផលបុណ្យរៀងៗខ្លួន និងជាការរួមចំណែកជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនគង់វង្សតរៀងទៅ។

ដោយឡែក សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ជាពុទ្ធបរិស័ទដ៏ប្រសើរមួយរូបបានបំពេញសទ្ធាក្នុងពិធីបុណ្យកាន់បិណ្ឌរហូតដល់វេនទី១១ នៅវត្តចំនួន ៩ មានវត្តអង្គ វត្តគ្រួស វត្តល្បើក វត្តស្នោ វត្តសិរី វត្តនន្ទតាសក់ វត្តកំពង់អួរ វត្តសម្តេចមុន្នី និងវត្តព្រះឥន្ទទេព ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅវេលាព្រឹកថ្ងៃ ១១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

ចូលរួមបំពេញសទ្ធាជាមួយសម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីបុណ្យនាឱកាសនោះ ដែលមាន ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ឯកឧត្តម យ៉ី ធន់ ទីប្រឹក្សាសម្តេចចៅហ្វាវាំង ព្រមទាំងមន្ត្រីរាជការក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត។

ក្នុងឱកាសនោះ មានការទទួលស្វាគមន៍ចំពោះវត្តមានសម្តេចចៅហ្វាវាំង ពីសំណាក់ ឯកឧត្តម ឈួ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត។

អាស្រ័យដោយបុណ្យភ្ជុំបិណ្ឌ បាននាំមកនូវផល្លាអនិសង្សដ៏ថ្លៃថ្លាជាច្រើនប្រការ ទើបពុទ្ធបរិស័ទគ្រប់ជំនាន់ខិតខំរួមគ្នាថែរក្សាតាំងពីសម័យបុព្វកាល អាស្រ័យដោយពិធីបុណ្យដ៏ប្រពៃនេះ នាំមកនូវសាមគ្គីធម៌ដ៏ប្រសើរទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ ការជួយលើកតម្កើងវិស័យព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿង។

ម្យ៉ាងវិញទៀត ចំពោះបុគ្គលទាំងឡាយណាដែលបានបំពេញកុសលផលបុណ្យក្នុងសទ្ធាដ៏បរិសុទ្ធជ្រះថ្លាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បុគ្គលទាំងនោះបានប្រកបទៅដោយកុលបុត្រកុលធីតាមានសេចក្តីកតញ្ញូកតវេទិតាធម៌ចំពោះមាតាបិតា និងអ្នកដែលមានគុណទាំងឡាយ ប្រសិនបើមាតាបិតា ឬអ្នកមានគុណរបស់លោកបានចែកឋានទៅកាន់លោកខាងមុខហើយនោះ វិញ្ញាណកន្ធរបស់លោកនឹងបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ព្រមទាំងបានជួយថែរក្សាដល់កូនចៅឲ្យបានជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ប្រការ។

ដោយឡែក សម្តេចចៅហ្វាវាំង បានឆ្លៀតឱកាសដ៏មានតម្លៃពីការបំពេញភារកិច្ចធំៗជូនជាតិ ដោយបានបំពេញសទ្ធាក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំនេះរហូតដល់វេនទី១១ បានចំនួន ១៣វត្ត រួចមកហើយ ក្នុងនោះមានវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វត្តកុលម្ពវ័ន វត្តពានី ស្ថិតក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង វត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងវត្តចំនួន ៩ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងនេះ។

ក្នុងកម្មវិធីបន្តនៃពិធីបុណ្យកាន់បិណ្ឌវេនទី១១នេះ សម្តេចចៅហ្វាវាំង និងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង ដែលមានសេចក្តីជ្រះថ្លាបំពេញកុសលផលបុណ្យជាមួយសម្តេចចៅហ្វាវាំង ក្នុងឱកាសនោះបានអញ្ជើញប្រគេនចង្ហាន់ ផ្លែឈើ លៀង ទេយ្យទាន និងបវរណាចតុបច្ច័យប្រគេនព្រះអនុគណស្រុកបរិបូរណ៍ ព្រមទាំងព្រះចៅអធិការ និងព្រះមន្ត្រីសង្ឃគង់នៅវត្តទាំង ៩ មានចំនួន ៧៧ព្រះអង្គ។

ក្រៅពីនេះ បានប្រគេនគ្រឿងបរិក្ខារបច្ច័យសម្រាប់វត្តទាំង ៩ ក្នុងវត្តនីមួយៗ ទទួលបានអង្ករចំនួន ៥បាវ ក្នុង១បាវស្មើ ៥០គីឡូក្រាម ទឹកបរិសុទ្ធចំនួន ៥កេស ទឹកក្រូចចំនួន ៥កេស មីចំនួន ៥កេស ក្នុង១កេសស្មើ ៣០កញ្ចប់ ត្រីខកំប៉ុងចំនួន ៥យួរ ក្នុង១យួរស្មើ ១០កំប៉ុង និងបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានាក្នុងទីអារាមនីមួយៗចំនួន ២,៤៧៨,០០០រៀល។ ចំពោះវត្តអង្គ និងវត្តសិរី សម្តេចចៅហ្វាវាំងបានចូលបច្ច័យបន្ថែមក្នុងវត្តនីមួយៗមានបច្ច័យចំនួន ២លានរៀល សម្រាប់ការកសាងឧបដ្ឋានសាលាក្នុងទីអារាមទាំង២នេះទៀតផង។

សូមឧទ្ទិសនូវព្រះកុសលផលបុណ្យកើតឡើងពីសេចក្តីជ្រះថ្លារបស់សម្តេចចៅហ្វាវាំង ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង ដែលមានវត្តមានក្នុងពិធីបុណ្យកាន់បិណ្ឌដ៏ប្រពៃនេះជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ និងញាត្តិការទាំង៧សន្តានរបស់លោកដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕