ឯកឧត្តម សុខ ឥសាន៖ លោក សម រង្ស៊ី ប្រើសម្តីផ្តេសផ្តាស ចំពោះព្រះមហាក្សត្រ


(​ភ្នំពេញ​)៖​ពាក់ព័ន្ធ​នឹង​ការដែល​លោក​សម រង្ស៊ី​បាន​ថ្លែង​ព្រះរាជ​អំណរគុណ និង​កោតសរសើរ​ព្រះមហាក្សត្រ​ថា ជា​ក្សត្រ​ល្អ​ព្រោះ​ទ្រង់​សម្រេច​​ព្រះទ័យ​យាង​ចេញទៅ​ក្រុង​ប៉េកាំង​ដោយសារ​មិនចង់​ចុះ​ព្រះហស្តលេខា​លើក​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ ឯកឧត្តម ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា សម្ដី​របស់លោក​សម រង្ស៊ី គឺជា​សម្ដី​ផ្ដេសផ្ដាស​ដែល​និយាយ​ឲ្យ​រួច​តែ​​ពី​មាត់​ដោយ​គ្មាន​ការទទួលខុសត្រូវ​នោះឡើយ​។​

​ឯកឧត្តម ​សុខ ឥសាន បាន​បញ្ជាក់ថា “…​ខ្ញុំ​យល់ថា សម រង្ស៊ី និយាយ​គ្មានអ្វី​ជា​សំអាង​ជាក់លាក់​ទេ​និយាយ​​តែ​តាមចិត្ត​នឹកឃើញ​របស់ខ្លួន ហើយ​គ្មាន​ការទទួលខុសត្រូវ​…”​។​

​ឯកឧត្តម បាន​បន្ដថា ការលើកឡើង​របស់លោក​សម រង្ស៊ី​បែបនេះ​គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះ​​មហាក្សត្រ ព្រោះ “…​យើង​ដឹង​ហើយ​ថា កាលណា​ព្រះមហាក្សត្រ​ទ្រង់​ព្រះរាជ​អវត្តមាន​នៅក្នុង​ប្រទេស​គឺប្រធាន​ព្រឹទ្ធសភា​ទទួល​បន្ទុក​ជា​ប្រមុខរដ្ឋស្ដីទី គឺ​លោក​មាន​សិទ្ធិ​គ្រប់គ្រាន់ ស្របតាម​រដ្ឋធម្មនុញ្ញ ក្នុងការ​ចុះហត្ថលេខា​ចុះ​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​ណា ដែល​រដ្ឋសភា ព្រឹទ្ធសភា​ក៏ដូចជា​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បញ្ជាក់ថា មាន​ធម្មនុញ្ញភាព​រួចហើយ​…”​។​