រដ្ឋមន្ត្រីទេសចរណ៍ឧទ្ទេសនាមប្រាប់ក្រុមហ៊ុនជប៉ុនថា ខេត្តសៀមរាប និងកំពង់ធំមានសក្ដានុពលខ្ពស់ក្នុងការវិនិយោគកសិទេសចរណ៍ និងទេសចរណ៍ជនបទ


ក្នុងបទឧទ្ទេសនាមជូនក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី ដែលល្បីល្បាញខាងអភិវឌ្ឍន៍វិស័យទេសចរណ៍នោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីសក្ដានុពលដ៏សម្បូរបែប ដែលអំណោយផលដល់ការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគឺវិស័យអេកូទេសចរណ៍ កសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទ។

ការលើកឡើងនេះត្រូវបានធ្វើឡើងនាឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូជប៉ុន ដែលដឹកនាំដោយលោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី (Yamato Green Co.,Ltd) នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

គោលបំណងរបស់ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ក្នុងជំនួបពិភាក្សាជាមួយក្រសួងទេសចរណ៍នេះ គឺដើម្បីស្នើសុំកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង (Green Belt) នៅប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ ផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។

លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ បានលើកឡើងថា តាមរយៈគម្រោងអភិវឌ្ឍខ្សែក្រវាត់បៃតង ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ខាងលើនេះ ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន នឹងធ្វើឱ្យផលិតផលកសិកម្មរបស់កម្ពុជាក្លាយទៅជា «កសិទេសចរណ៍» ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិអាចទទួលទានអាហារ ដែលមានស្រាប់នៅតាមតំបន់ទេសចរណ៍នីមួយៗ ប្រកបដោយសុវត្ថិភាព។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចចូលរួមទស្សនាបច្ចេកទេសនៃការដាំដុះ និងថែទាំបានដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ក៏បាននិងកំពុងទទួលបានភាពជោគជ័យ និងមានភាពល្បីល្បាញណាស់ដែរ នៅក្នុងការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវិស័យអេកូទេសចរណ៍ នៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។ ដោយសារកត្តានេះហើយ ទើបជំរុញឱ្យក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍ថ្មីជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺខ្សែក្រវាត់បៃតងខាងលើនេះឯង។

បន្ទាប់ពីការលើកឡើងនូវបទបង្ហាញរបស់លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ ជាច្រើនរួចមក លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញទឹកមុខរីករាយពេញចិត្តយ៉ាងខ្លាំង និងបានបង្ហាញនូវការស្វាគមន៍ ការឯកភាព និងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍ដ៏ធំរបស់ក្រុមហ៊ុនជប៉ុនមួយនេះ។

ឯកឧត្តម ថោង ខុន ក៏បានឧទ្ទេសនាមជូនលោក ណាបិស្ស៉ីម៉ា និងគណៈប្រតិភូជប៉ុនបន្ថែមទៀតថា កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសគឺវិស័យទេសចរណ៍នេះតែម្ដង ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេសចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។

ប្រសិនបើនិយាយអំពីការអភិវឌ្ឍលើវិស័យទេសចរណ៍ទាំង ៣ ប្រភេទខាងលើនេះ ខេត្តសៀមរាប និងខេត្តកំពង់ធំ គឺពិតជាអំណោយផលច្រើនបំផុតសម្រាប់ការវិនិយោគលើវិស័យកសិទេសចរណ៍ និងទេសចរណ៍ជនបទ ពិសេសការកសាងខ្សែក្រវាត់បៃតង ដោយ ឯកឧត្តម ថោង ខុន ចង់ឱ្យក្រុមហ៊ុនពិចារណាលើការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តទាំងនេះ បន្ទាប់ពីបានវិនិយោគនៅបាត់ដំបង និងខេត្តមណ្ឌលគីរី។ ម្យ៉ាងទៀត ក្រុមហ៊ុនគប្បីកសាងឱ្យបានគំរូមួយក្នុងខេត្តនីមួយៗមុននឹងពង្រីកទៅខេត្តដទៃ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងបរិបទកូវីដ-១៩នេះ វិស័យអេកូទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ កំពុងត្រូវបានសកលលោកយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំង។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោក ណាបិស្ស៉ីម៉ា បានឯកភាពគ្នាថានឹងរៀបចំឱ្យអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន ខូអ៉ិលធីឌី និងរៀបចំឱ្យមានក្រុមការងាររួម មួយដើម្បីឱ្យកិច្ចសហការនេះប្រព្រឹត្តទៅប្រកបដោយភាពរលូនជោគជ័យ នាំផលចំណេញដល់ប្រជាជនកម្ពុជាផង និងដល់ក្រុមហ៊ុនដែលខំចំណាយទុនវិនិយោគផង៕