ឥទ្ធិពលខ្យល់ព្យុះ «នូល» ប៉ះពាល់ខេត្តចំនួន៩ ស្លាប់ ១១នាក់, ទេសរដ្ឋមន្ត្រី គន់ គីម អរគុណអាជ្ញាធរគ្រប់ខេត្ត ជួយពលរដ្ឋបានទាន់ពេលវេលា


(ភ្នំពេញ)៖ ឥទ្ធិពលខ្យល់ព្យុះទី១១ ឈ្មោះថា «នូល» បានធ្វើឱ្យប៉ះពាល់ដល់ខេត្តចំនួន៩ នៅក្នុងប្រទេសកម្ពុជា បណ្តាលឱ្យមនុស្ស ១១នាក់ បានស្លាប់បាត់បង់ជីវិត ផ្ទះជាង ២ពាន់ខ្នងរងការជន់លិច និងខ្យល់បក់បោក ស្រូវ និងដាំណាំផ្សេងៗជាង ២ពាន់ហិកតា បានរងការជន់លិចផងដែរ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ខេត្តដែលរងផលប៉ះពាល់ពីឥទ្ធិពលព្យុះនេះរួមមាន៖ ខេត្តប៉ៃលិន ឧត្តរមានជ័យ ពោធិ៍សាត់ កោះកុង ព្រះសីហនុ បាត់ដំបង កំពត និងកែប។

របាយការណ៍បញ្ជាក់ថា ខេត្តទាំង៩នេះ មានខេត្តចំនួន៦ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង។ រីឯខេត្តបាត់ដំបង កំពត និងកែប បានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់។ របាយការណ៍ ក៏បានបញ្ជាក់ផងដែរថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមាន ២នាក់ ស្លាប់ដោយជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ និងប៉ៃលិន, ១នាក់ ស្លាប់ដោយសារខ្យល់វាយទូកលិចនៅខេត្តកោះកុង និង៨នាក់ស្លាប់ដោយសាររន្ទះបាញ់ នៅក្នុងខេត្តបាត់ដំបង។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងទៀតថា ក្រៅតែពីប៉ះពាល់ផ្ទះសម្បែង និងផលដំណាំផ្សេងៗហើយនោះ ហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវ ស្ពាន រួមនិងសាលារៀនមួយចំនួនបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ផងដែរ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលខ្យល់ព្យុះ «នូល» ជះឥទ្ធិលមកលើប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា។ ដូច្នេះស្ថានភាពនៃការរងផលប៉ះពាល់មកដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានស្ថានភាពធូរស្រាលខ្លះហើយ ខណៈជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន បានស្រកទៅវិញជាបណ្តើរផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងដែរថា តាមការវាយតម្លៃបឋមពីអាជ្ញាធរពាក់ព័ន្ធនៅតាមខេត្ត ដែលរងឥទ្ធិពលខ្យល់ព្យុះ «នូល» នេះ ផលប៉ះពាល់មិនជាធ្ងន់ធ្ងរប៉ុន្មាននោះទេ ដោយសារទឹកជំនន់ឆាបស្រកទៅវិញ។

បើទោះពីជាយ៉ាងនេះក្តី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នៅតែបន្តជំរុញឱ្យគណៈបញ្ជាការឯកភាពខេត្ត និងមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅតាមខេត្តរងផលប៉ះពាល់ទាំងអស់ បន្តតាមដានស្ថានភាពអាកាសធាតុ ហើយបន្តចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ក្នុងរយៈពេលដែលកម្ពុជារងគ្រោះដោយសារឥទ្ធិពលខ្យល់ព្យុះ «នូល» នេះ គេសង្កេតឃើញខេត្តរងការជន់លិចខ្លាំង ដូចជានៅព្រះសីហនុ និងពោធិ៍សាត់ ត្រូវបានអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ភ្លាមៗនៅកន្លែងរងការជន់លិច និងបានជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព។

ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធតាមបណ្តាខេត្តទាំងអស់ ដែលបានចុះធ្វើសកម្មភាពក្រោមភ្លៀងផ្គរភ្លាមៗ ដើម្បីជួយដល់ប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ទុក និងវាយតម្លៃចំពោះកាយវិការ និងសកម្មភាពរបស់អាជ្ញាធរថ្នាក់ខេត្តទាំងអស់ថា ជាកាយវិការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានសង្កត់ធ្ងន់ថា កាយវិការប្រកបដោយការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋនេះហើយ ដែលជាបំណងប្រាថ្នា និងជាការចង់បាន ចង់ឃើញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងមុតមាំថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងបន្តស្មារតីជាអ្នកបម្រើប្រជាពលរដ្ឋ ដោយចុះជួយពលរដ្ឋរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិនេះបានលឿន ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដោយអាជ្ញាធរមិនបានដឹងឮនោះឡើយ៕