ពលរដ្ឋក្រីក្រ២២២គ្រួសារ ក្នុងស្រុកស្រែអំបិល ទទួលបានបង្គន់អនាម័យពី មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង


(កោះកុង)៖ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងសុខភាពប្រជាពលរដ្ឋរស់នៅតាមទីកន្លែងជនបទ និងអនុវត្តន៍ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានប្រគល់សម្ភារសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២២២គ្រួសារ ចំនួន៣ឃុំ គឺឃុំជ្រោយស្វាយ ឃុំបឹងព្រាវ ឃុំស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល លោក ចិន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្រ្តីរាជការរួមទាំងប្រជាពលរដ្ឋ ២២២គ្រួសារផងដែរ។

ក្នុងឱកាសនោះ លោក អៀង ដារ៉ាវុធ បានលើកឡើងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលក្រសួងអភិវឌ្ឍន៍ជនបទ មាននាយកដ្ឋានថែទាំសុខភាពជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងជាសេនាធិការ ឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជានាយកដ្ឋានខែទាំសុខភាពជនបទ បានអនុវត្តផែនការសកម្មភាពលើវិស័យទឹកស្អាត និងអនាម័យជនបទនេះ ដោយទទួលបាននូវលទ្ធផលជាទីមោទនភាព ក្នុងនោះមន្ទីរបានចុះអនុវត្តន៍ ក្នុងការជំរុញការងារវិស័យអនាម័យជនបទគាំងស្មារតីឆន្ទៈ ក្នុងការចូលរួមដើម្បីកាត់បន្ថយភាពក្រីក្រ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់ លើការអនុវត្តគម្រោង ហើយបានប្រតិបត្តិតាមដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបានបន្តបន្ថែមថា ដើម្បីផ្លាស់ប្ដូរទម្លាប់ពីការរស់នៅខ្វះអនាម័យមកប្រតិបត្តិអនាម័យល្អ ដូចជាការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យការលាងដៃជាមួយសាប៊ូ ការហូបទឹកស្អាត និងទុកដាក់ទឹកប្រកបដោយសុវត្ថិភាព តាមរយៈការលើកកម្ពស់សមត្ថភាពសហគម ន៍និងចូលរួមផែនការអភិវឌ្ឍន៍តាមដាន និងវាយតម្លៃ អំពីស្ថានភាពកង្វះអនាម័យក្នុងសង្គមរបស់ខ្លួន និងចូលរួមក្នុងការបំផុស និងជំរុញការចូលរួមរបស់សហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជនបទឲ្យកាន់តែប្រសើរឡើង។

ក្នុងនោះដែរដោយបានទទួលការយល់ព្រម និងគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ នាយកដ្ឋានថែទាំសុខភាពជនបទមន្ទីររៀបចំផែនការ ធ្វើសកម្មភាពអនុវត្តដោយបានរៀបចំ និងធ្វើការជ្រើសរើសអ្នកផ្ដត់ផ្គង់ក្នុងស្រុក ដើម្បីធានាតម្លៃសេវាគុណភាពការផ្គត់ផ្គង់សម្ភារសំណង់ សម្រាប់ការសាងសង់បង្គន់អនាម័យ ឱ្យបានសម្រេចពេលវេលាតាមខេត្តការ ដែលបានគ្រោងទុកទាំងពីរជំហាន ដែលមានបង្គន់ស្រុកចំនួន ២២២បង្គន់ ស្មើ២២២គ្រួសារ។ លោកបានបញ្ជាក់ថា លោកនិងក្រុមការងារ អនុវត្តនូវផែនការនេះបន្តទៀត ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្រីក្រ ដែលខ្វះខាតបង្គន់អនាម័យប្រើប្រាស់ នៅតាមទីជនបទបន្ថែមទៀត។

លោកជំទាវ មិថុនា ភូថង បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចជាការរីករាលដាលជំងឺកូវិដ និងជំងឺឆ្លងផ្សេងៗ ជាពិសេសសុខភាពប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយណាឡើយ គឺរាជរដ្ឋាភិបាលព្យាបាលទាំងឲ្យនៅប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលមិនទុក្ខឲ្យអ្នកស្លាប់ឡើយ។

លោកជំទាវបានបន្តថា សូមពុកម៉ែបងប្អូនជឿជាក់លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានរកសន្តិភាពជូនប្រទេសជាតិជូនប្រជាជន និងធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានឈ្មោះល្បីល្បាយលើកឆាក់អន្តរជាតិផងដែរ។ ដូច្នេះហើយសូមបងប្អូនកុំជឿ ជនអគតិមួយចំនួន ដែលធ្វើការងារញុះញ់ង និងបំផ្លាញសន្តិភាពយើងឲ្យសោះ ពីព្រោះបច្ចុប្បន្ននេះប្រជាជនយើងទូទាំងប្រទេស មានសិទ្ធិសេរីភាពពេញលេញដោយសេរីភាពក្នុងការដំណើរកម្សាន្ត ឬសិទ្ធិសេរីភាពក្នុងគ្រួសារផងដែរ។

សូមបញ្ជាក់ថា សម្ភារៈបង្គន់អនាម័យដែលផ្តល់ជូនប្រជាពលរដ្ឋទាំង២២២គ្រួសារមាន លូស្មើ៣កង់ គម្របលូស្តុកលាមក១គម្រប ផែនបិតការ៉ូ ១ផេន ចានពកសឺឡែន ១ចាន ទម្រទ្រផែនបង្គន់១ទម្រ ស័ង្កសី១០សន្លឹក ឥដ្ឋតាន់៦០ដុំ ស៊ីម៉ងត៍១០គីឡូ PVC ធុងទឹកជ័រចំណុះ៣៥លីត្រ១ ទុយោបង្ហុយpvc២១ ស្មើ១ដើម៕