ក្រសួងចំនួន៤ និងទីភ្នាក់ងារជំនួយអាមេរិក USAID បើកសម្ពោធយុទ្ធនាការការពារព្រៃឡង់ តាមរយៈទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថ


ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានសហការជាមួយទីភ្នាក់ងារជំនួយអាមេរិក USAID បានបើកដំណើរការយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមផ្តោតលើបរិស្ថាន ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។

ការបើកសម្ពោធនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថានតំណាងឯកឧត្តម សាយ សំអាល់, តំណាងក្រសួងស្ថានពាក់ព័ន្ធ និងលោកស្រី ឌីណា រែដេឌី នាយិកាបេសកកម្ម ទីភ្នាក់ងារជំនួយអាមេរិក USAID ព្រមទាំងអង្គការសង្គមស៊ីវិលមួយចំនួន នៅទីស្តីការក្រសួងបរិស្ថាន។

ការបើកសម្ពោធយុទ្ធនាការការពារព្រៃឡង់នេះ ដោយទទួលស្គាល់អំពីសារៈសំខាន់របស់ព្រៃឈើក្នុងតំបន់ទេសភាពជីវៈចម្រុះសំបូរបែបដែលបានមកពីព្រៃឈើ និងអត្ថប្រយោជន៍ព្រៃឈើ ដែលទ្រទ្រង់ជីវភាពរស់នៅ ដូច្នេះហើយទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រសួងពាក់ព័ន្ធសំខាន់ របស់កម្ពុជា បានព្រមព្រៀងសហការគ្នាលើកកម្ពស់ការចូលរួម របស់សាធារណៈជនក្នុងការការពារព្រៃឈើ និងសត្វព្រៃ។

លោកស្រី ឌីណា រែដេឌី បានថ្លែងយ៉ាងដូច្នេះថា៖ «ការបើកយុទ្ធនាការនៅថ្ងៃនេះ បង្ហាញពីភាពជាដៃគូយូរអង្វែងរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID នៅក្នុងវិស័យបរិស្ថាន នៅកម្ពុជា ក៏ដូចជាយុទ្ធនាការបន្តការប្តេជ្ញាចិត្តរបស់យើង ចំពោះការអភិរក្សជីវៈចម្រុះដ៏មានសារៈសំខាន់របស់កម្ពុជា។ យើងសង្ឃឹមថា យុទ្ធនាការលើកកម្ពស់ការយល់ដឹងនេះ នឹងជួយលើកទឹកចិត្តប្រជាជនកម្ពុជា កាន់តែច្រើនថែមទៀត ចូលរួមការពារកេរ្តិ៍ដំណែលធម្មជាតិរបស់ខ្លួន»។

លោកស្រី បានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលសំបូរទៅដោយព្រៃឈើ រុក្ខជាតិ និងសត្វព្រៃជាច្រើនប្រភេទ។ ព្រៃឈើរបស់កម្ពុជា ជាធនធានដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការរស់នៅប្រកបដោយចីរភាព ព្រមទាំងសម្រាប់ការពារវប្បធម៌ អាហាររូបត្ថម្ភ និងសម្រាប់ជាឱសថធម្មជាតិផ្សេងៗ ដែលបានផ្តល់ប្រយោជន៍ជាច្រើនដល់សហគមមូលដ្ឋាន។

ឯកឧត្តម សៅ សុភាព បានថ្លែងថា «ប្រជាជនកម្ពុជាទាំងចាស់ ទាំងក្មេងមានកាតព្វកិច្ចចូលរួម ក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង។ គោលបំណងនៃយុទ្ធនាការនេះ គឺស្របទៅនឹងផែនការសកម្មភាព និងយុទ្ធសាស្ត្រគាំពារបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅពង្រឹងប្រសិទ្ធភាពគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព»

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានប្តេជ្ញាចិត្តយ៉ាងមុតមាំលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយចីរភាព។

ឯកឧត្តម សៅ សុភាព បានបន្ថែមទៀតថាលើសពីនេះ រាជរដ្ឋាភិបាលបាននៅតែបន្តគាំទ្រ និងបញ្ចូលការងារបរិស្ថាននៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលរួមមាន៖ ការគ្រប់គ្រងសំណល់នៅតាមទីប្រជុំជន ការគ្រប់គ្រងធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពខ្យល់ និងការលើកកម្ពស់ជីវភាពសហគមន៍។ ជាក់ស្តែងនៅឆ្នាំ២០១៥ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យប្រគល់ភារកិច្ចឱ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងតំបន់អភិរក្ស។ ជាលទ្ធផលក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ការពារធម្មជាតិចំនួន ៦៦កន្លែង ដែលមានផ្ទៃដីសរុប ៧,២៥លានហិកតា ស្មើនឹង៤០ភាគរយ នៃផ្ទៃប្រទេស គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងសកម្មភាពជាវិជ្ជមានពីសាធារណជនចំពោះបរិស្ថាន និងធម្មជាតិ។

ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦១ ដោយប្រធានាធិបតី John F. Kennedy និងដើរតួនាទីជាទីភ្នាក់ងារនាំមុខ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយបរទេស។ ចាប់តាំងពីឆ្នាំ១៩៩២មក USAID បានផ្តល់ជំនួយប្រមាណជាង ១ពាន់លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា៕