ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារបង្កើតរចនាសម្ព័ន្ធដែលរួមមានក្រុមប្រមូលព័ត៌មាន ក្រុមវិភាគចងក្រងព័ត៌មាន ក្រុមផ្សព្វផ្សាយ និងក្រុមតាមដាន ដើម្បីជំរុញការងារផ្តល់ព័ត៌មានជូនសាធារណជនឱ្យបានទូលំទូលាយ។នេះបើតាមផេកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
បើតាមលោកជំទាវ បណ្ឌិតសភាចារ្យ ការបង្កើតរចនាសម្ព័ន្ធដែលរួមមានក្រុមប្រមូលព័ត៌មាននេះនឹងឆ្លើយតបបានទាន់ពេលវេលានូវរាល់ព័ត៌មានដែលមានចរិតញុះញង់ ក្លែងក្លាយពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌។
លោកជំទាវ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានណែនាំដូច្នេះក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពរបស់ក្រុមការងារប្រតិកម្មរហ័ស ព័ត៌មានវិទ្យា និងបណ្តាញសង្គមរបស់ក្រសួង និងទិសដៅការងារនាពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រតិកម្មរហ័ស ព័ត៌មានវិទ្យា និងបណ្តាញសង្គមរបស់ក្រសួងបាន ធ្វើរបាយការណ៍ពីលទ្ធផល និងទិសដៅការងារ។
លោកជំទាវបណ្ឌិតសភាចារ្យបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ដែលបានអនុវត្តកន្លងមកដោយស្មារតីទទួលខុសត្រូវខ្ពស់៕