អាជ្ញាធរជាតិអប្សរា ប្រមូលទឹកស្ដុកទុក ដើម្បីបញ្ចៀសមិនឱ្យជន់លិចរមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ខណៈមានភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលរបស់ព្យុះនូល


សៀមរាប ថ្ងៃទី​​​២២ ខែ​កញ្ញា ឆ្នាំ២០២០ ក្រុមអ្នកជំនាញទឹកនៃនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងមមាញឹក ឆ្លៀតពេលដែលមានទឹកភ្លៀងដ៏ច្រើនក្រោមឥទ្ធិពលរបស់ព្យុះនូលនេះ ដោយពួកគេបានចាត់ចែងប្រមូលទឹកភ្លៀងទាំងនោះ តាមប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបញ្ជូនទៅរក្សាក្នុង អាងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុល និងអាងស្តុកទឹកផ្សេងៗទៀត ហើយក៏ដើម្បីបញ្ចៀស មិនឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាបផងដែរ។

លោក ឡុង កុសល បានឱ្យដឹងថា ដោយរដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់យឺតយ៉ាវ ហើយមានបរិមាណតិចតួចធ្វើឱ្យការប្រមូលទឹកចូលក្នុងអាងស្តុកមានការលំបាក ហើយក៏ជា ការព្រួយបារម្ភដ៏ធំសម្រាប់ការផ្គត់ផ្គង់ទឹកនៅរដូវប្រាំងដល់កិច្ចការអភិរក្សប្រាសាទ ការផលិត ទឹកស្អាត និងការស្រោចស្រពកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយ ឆ្លៀតពេលដែលទឹកកំពុងសម្បូរ ក្រោមឥទ្ធិពលព្យុះនូលនេះ ទើបក្រុមអ្នកជំនាញទឹកនៃ នាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងមមាញឹកក្នុងការចាត់ចែង ប្រមូលទឹកភ្លៀងទាំងនោះ៕

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រទេសកម្ពុជាបានទទួលរងនូវឥទ្ធិពលពីព្យុះនូល ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យតំបន់មួយ ចំនួនមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងតំបន់ខ្លះមានជំនន់ទឹកភ្លៀងទៀតផង ហើយខេត្តសៀមរាបក៏ ទទួលរងឥទ្ធិពលនៃព្យុះនេះដោយទទួលបាននូវទឹកភ្លៀងធ្លាក់ដ៏ច្រើនដែរ។ ដូច្នេះ ដើម្បីទប់ ទល់នឹងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានខិតខំ ប្រឹងប្រែង ក្នុងការចាត់ចែងគ្រប់គ្រងទឹកទាំងនោះ ដើម្បីបញ្ចៀសមិនឱ្យជន់លិចតំបន់ រមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាប។