អគ្គលេខាធិការ CDC ប្រាប់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពីវិធានការកំណែទម្រង់ថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញវិនិយោគិន


ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដោយមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

ឯកឧត្តម សុខ ចិន្តាសោភា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូ ដែលតែងតែបំពេញទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ហើយនេះជាលើកទី១ នៃជំនួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជាសកលរបស់ជំងឺកូវីដ-១៩។
ឯកឧត្តមក៏បានអបអរសាទរ ដល់ក្រុមហ៊ុនអាមេរិកនានា ដែលបានបង្កើនការលក់នៅកម្ពុជា ខណៈដែលកម្លាំងទិញរបស់ប្រជាពលរដ្ឋកម្ពុជា មានការកើនទ្បើងតាមរយៈការសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់នាពេលកន្លងមក។

ឯកឧត្តមបានបន្ថែមថា បើទោះបីជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យជាច្រើនក្នុងសេដ្ឋកិច្ច តែវាបានបង្កើតឱកាសដល់ក្រុមហ៊ុនអាមេរិក ដែលផ្តល់សេវាកម្មអនឡាញ ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាដើម។

ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូ អំពីវិធានការកំណែទម្រង់នាពេលថ្មីៗ របស់រាជរដ្ឋាភិបាល ជាពិសេសក្នុងការដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីធុរកិច្ច តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលនឹងទាក់ទាញការវិនិយោគពីបរទេស ជាពិសេស ការវិនិយោគពីក្រុមហ៊ុនអាមេរិកបន្ថែមទៀត ដែលនឹងពុំគ្រាន់តែនាំមកនូវទុនវិនិយោគប៉ុណ្ណោះទេ តែក៏នឹងនាំមកនូវបច្ចេកវិទ្យាផងដែរ។

ជាការឆ្លើយតប លោក Alexander Feldman បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកម្ពុជា-អាមេរិក ក្នុងឱកាសខួប៧០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានសាទរចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលបានកើនឡើងប្រមាណ១៧% បើធៀបនឹងឆ្នាំ២០១៩។ ជាមួយនឹងការបន្តផ្តល់កិច្ចសហការដ៏ល្អរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការជួយសម្របសម្រួល ឆ្លើយតបនូវក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគអាមេរិក លោកប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានសុទិដ្ឋិយមថាអ្នកវិនិយោគអាមេរិក នឹងមកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជានាថ្ងៃអនាគត៕