ឯកឧត្តម លឹម គានហោ ដឹកនាំអ្នកបច្ចេកទេសចុះសិក្សាប្រព័ន្ធធារាសាស្ត្របាសាក់-ព្រែកជីក


ប្រព័ន្ធធារាសាស្ត្របាសាក់-ព្រែកជីក គឺជាប្រព័ន្ធដ៏ធំមួយ មានសក្តានុពលគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលប្រមាណ ២៥.០០០ ហិកតា នៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ដោយសារគម្រោងនេះបានសាងសង់ និងប្រើប្រាស់យូរមកហើយ ពិសេសការបំផ្លាញដោយទឹកជំនន់ឆ្នាំ ២០១៣ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធនេះទ្រុឌទ្រោមយ៉ាងខ្លាំង ។ ចំពោះមុខបញ្ហានេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំអ្នកបច្ចេកទេសចុះសិក្សាជាបន្ទាន់ ។ ក្រោយពេលសិក្សា និងគ្រោងប្លង់ ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ ក្រសួងបានប្រគល់ភារកិច្ចជូនលោក ចាន់ សុីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ដឹកនាំការងារសាងសង់ ។ ដោយសារការងារនៃគម្រោងនេះមានទំហំធំ ដូចនេះ ការសាងសង់ត្រូវធ្វើឡើងជាជំហានៗ ។
បន្ទាប់ពីជំហានទី ១ បានបញ្ចប់ទៅ កាលពីឆ្នាំ ២០១៦ កន្លងទៅ នៅ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៧ នេះ ក្រុមការងារបានចុះពិនិត្យទីតាំង ដើម្បីឈានទៅអនុវត្តការងារនៅជំហានទី ២ នាខែមេសា ខាងមុខនេះ ។ ការងារសំខាន់នៅក្នុងជំហានទី ២ នេះ គឺការពង្រឹងតួទំនប់អាងទឹកបាសាក់ប្រវែង ១១ គម ដើម្បីឲ្យអាងទឹកនេះ បង្កើនលទ្ធភាពស្តុកទឹកដល់ ៤០ លានម៉ែត្រត្រីគុណ ព្រមទាំងការស្តារប្រឡាយមេ ប្រឡាយរង និងសំណង់សិល្បការតូចធំមួយចំនួនទៀត ។ ជាមួយគ្នានេះ ក្រុមការងារក៏បានពិនិត្យទីតាំងសម្រាប់ការអនុវត្តនៅជំហានទី ៣ ផងដែរ ដែលការងារសំខាន់ៗ មានដូចជា ៖ ការសាងសង់ឡើងវិញនូវទំនប់អាងទឹក ៨ មករា ដើម្បីបង្កើតជាអាងទឹកត្រជាក់ចិត្ត និងការជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ៥៧ គម ដើម្បីទាញទឹកពីអាងទឹកបាសាក់ ទៅស្រោចស្រពផ្ទៃដីកសិកម្មនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្របាសាក់-ព្រែកជីក ដែលក្រសួង បាន និងកំពុងធ្វើការអភិវឌ្ឍនៅពេលនេះ នឹងត្រូវតភ្ជាប់ទៅនឹងអាងទឹកដូនទ្រី ដែលក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយភាគីសាធារណរដ្ឋកូរ៉េ កំពុងរៀបចំឯកសារដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ ។ អាងទឹកដូនទ្រី មានទីតាំងនៅក្នុងស្រុករុក្ខគិរី មានសមត្ថភាពស្តុកទឹកបានប្រមាណ ១៧០ លានម៉ែត្រត្រីគុណ ។ ទឹកដែលស្តុកបាននេះ នឹងបញ្ជូនមកប្រព័ន្ធធារាសាស្ត្របាសាក់-ព្រែកជីក ដើម្បីធ្វើការចែកចាយទៅកាន់ដីស្រែរបស់បងប្អូនកសិករ ៕