ឯកអគ្គរដ្ឋទូតចិន៖ រដ្ឋាភិបាល និងប្រជាជនចិន នឹងបន្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះបន្តគាំទ្រចំពោះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គ្មានមីនឆ្នាំ២០២៥


(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានដឹកនាំប្រតិភូអាជ្ញាធរមីន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើការងារបោសសម្អាតមីននៅកម្ពុជា នាស្ថានទូតចិនរាជធានីភ្នំពេញ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែចូលរួមដល់ការងារអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានការគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ទាំងថវិកា បច្ចេកទេស និងសម្ភារដែលក្នុងខែកញ្ញា ឆ្នាំ២០២០នេះ រដ្ឋាភិបាលចិន បានផ្តល់រថយន្ត តង់ ឧបករណ៍រាវមីន ប្រអប់សម្ភារ សម្លៀកបំពាក់ការពារ ឧបករណ៍កម្ទេចគ្រាប់ ដ្រូន ឯកសណ្ឋាន ស្បែកជើង ខ្សែក្រវ៉ាត់ និងមួកផងដែរ។

ពាក់នឹងវិស័យមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងគោលដៅយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែងដោយមីន ដែលយើងបានស្គាល់ឲ្យអស់ត្រឹមឆ្នាំ២០២៥ និងការកាត់បន្ថយអត្រាគ្រោះដោយសារមីនអោយបានជាអតិបរមា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យប្រទេសចិន បន្តជួយគាំទ្រឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីបញ្ចប់ ការគម្រាមកំហែងដោយសារមីននៅឆ្នាំ២០២៥ និងដោះស្រាយបញ្ហាសេសសល់ នៃសំណល់ជាតិផ្ទុះពីសង្គ្រាមក្រោយឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ការផ្តល់ជំនួយបម្រើដល់កាងារបោសសម្អាតមីនមនុស្សធម៌របស់មិត្តចិន នាពេលនេះ និងកន្លងមក គឺជាចូលរួមចំណែកឆ្លើយតប និងស្របតាមការលះបង់ និងគោលដៅដ៏យូរអង្វែងរបស់សម្តេចតេជោ សម្រាប់ប្រទេសជាតិ និងប្រជាជន រួមមាន សន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសចិន ដែលបានចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា តាំងពីដើមមក។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន នឹងបន្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះបន្តគាំទ្រចំពោះផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា គ្មានមីនឆ្នាំ២០២៥ ហើយឯកឧត្តមឯកអគ្គរដ្ឋទូត បានចាត់ទុកការងារបោសសម្អាត គឺជាការចូលរួមផ្តល់នូវសុភមង្គល ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕