វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការ​អប់រំ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ពេល​ដំណើរ​ការ​សាលា​រៀន​ឡើង​វិញ


ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការ​អប់រំ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ពេល​ដំណើរ​ការ​សាលា​រៀន​ឡើង​វិញ​ជូន​ចំពោះ​នាយក​សាលា និង​មន្រ្តី​ទទួល​បន្ទុក​សុខភាព​សិក្សា​ដែល​មក​ពី​រាជធានី ខេត្ត ទាំង​២៥ និង​មក​ពី​ការិយាល័យ​ខណ្ឌ ស្រុក ដែល​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អង្គការ សុខភាព​ពិភព​លោក ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩ ថ្នាក់​ពិភព​លោក ថ្នាក់​តំបន់ និង​ផ្ដល់​ចំណេះ​ដឹង​ថ្មីៗ នៃ​ជំងឺ​កូវីដ-១៩ និង​វិធី​បង្ការ​ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក ព្រម​ទាំង​ការ​បង្ការ និង​ទប់​ស្កាត់​កូវីដ-១៩ និង​ការ​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ក្នុង​បរិបទ​កូវីដ-១៩ នៅ​ពេល​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​ឡើងវិញ។
វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នេះ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ដល់​អង្គការ​សុខភាព​ពិភពលោក ព្រម​ទាំង​គ្រប់​អង្គភាព​ពាក់ព័ន្ធ និង​លោកគ្រូ អ្នកគ្រូ នៅ​ទូទាំង​ប្រទេស ដែល​បាន​សហការ​គាំទ្រ​ផ្នែក​សុខភាព​សិក្សា និង​ដោះស្រាយ​បញ្ហា​ការ​សិក្សា​ពី​ចម្ងាយ​ក្នុង​ដំណាក់​កាល​ទប់​ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ជូន​ដល់សិស្សមិនឲ្យជួបវិបត្តិ។
លោក​ជំទាវ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ក្រសួង​បាន​ចង​ក្រង និង​ផ្សព្វផ្សាយ​រួច​ហើយ​ពី​គោលនយោបាយ​លើក​កម្ពស់​សុខភាព​សិក្សា​ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​តាំង​ពី​ឆ្នាំ២០០៦ ហើយ​ការ​អប់រំ​សុខភាព​សិក្សា​នេះ ត្រូវ​បាន​ចាត់​បញ្ចូល​ជា​កម្មវិធី​សិក្សា​កាតព្វកិច្ច​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ដែល​ត្រូវ​បង្រៀន​១​ម៉ោង ក្នុង​១​សប្ដាហ៍៕
២៨ កញ្ញា ២០២០ | នៅ​សាល​ប្រជុំ​ធំ​អគារ​រដ្ឋបាល​ចៅ​ពញាហុក