តំណាងទូតប្រទេសឥស្លាមចំនួន៤ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកស្រី ហាជ្ជះ សូភ័ស ហាស្សាន់ មាតាបង្កើតឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់


(ភ្នំពេញ)៖ តំណាងទូតនៃប្រទេសឥស្លាមចំនួន៤ រួមមាន ប្រទេសម៉ាឡេស៊ី ប្រទេសព្រុយណេ ប្រទេសគូវែត និងប្រទេសតួរគី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះសព លោកស្រី ហាជ្ជះ សូ ភ័ស ហាស្សាន់ ត្រូវជាមាតាបង្កើត ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៨៖៤៥នាទី ថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ តំណាងទូតទឆំង៤ប្រទេស បានឧទ្ទិសបួងសួងដល់ព្រះអល់ឡោះរៀងៗខ្លួន សូមតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ហាជ្ជះ សូ ភ័ស ហាស្សាន់ និងសូមឲ្យអំពើល្អរបស់លោកស្រី ក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ និងជូនដំណើរវិញ្ញាណក្ខន្ធលោកស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ៕