អង្គសិក្ខាសាលាគាំទ្រការបង្កើតប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗ ៤ នៅខេត្តកែប


ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងបឋមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២០-២០៣៥ ក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅសាលាខេត្តកែប ដោយមានការចូលរួមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តកែប និងខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីរាជការ និងផ្នែកឯកជនពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ អង្គសិក្ខាសាលាបានធ្វើការពិភាក្សា វាយតម្លៃអំពីស្ថានភាព កំណត់បញ្ហាប្រឈម និងដាក់ចេញធាតុចូលមួយចំនួនក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនានាដែលគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍នៅខេត្តកែប ដើម្បីប្រែក្លាយគោលដៅទេសចរណ៍ខេត្តមួយនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍សម្រាកលម្ហែកម្សាន្តប្រណីតកម្រិតខ្ពស់ តាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា។

អង្គសិក្ខាសាលាក៏បានគាំទ្រដល់ការកំណត់ និងបង្កើតប៉ូលអាទិភាពអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបជា ៤ ប៉ូល រួមមាន៖

ទី១៖ ប៉ូលទេសចរណ៍ក្រុងកែបចាស់ ជាប៉ូលទេសចរណ៍ចម្បងរបស់ខេត្ត ដែលសម្បូរទៅដោយសក្ដានុពលតំបន់ឆ្នេរ តំបន់ព្រៃកោងកាង តំបន់ឧទ្យានជាតិ តំបន់ភ្នំ និងបេតិកភណ្ឌ។

ទី២៖ ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់អភិវឌ្ឍន៍ថ្មី ដែលមានសក្ដានុពលតំបន់ឆ្នេរ ព្រៃកោងកាង និងតំបន់ភ្នំប្រកបដោយភាពទាក់ទាញ។

ទី៣៖ ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ ជាតំបន់ទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ និងប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយចម្ការម្រេច ទុរេន និងដំណាំហូបផ្លែរយៈពេលវែងផ្សេងៗទៀត។

ទី៤៖ ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ ជាតំបន់ដែលមានសក្ដានុពលផ្នែកធនធានក្រោមសមុទ្រ ដូចជា ផ្កាថ្ម មច្ឆាជាតិ ស្មៅសមុទ្រ ដែលជាប្រភពចំណីរបស់ជីវិតរស់នៅក្នុងសមុទ្រ មានផ្សោតសមុទ្រ ជ្រូកទឹក និងមច្ឆាជាតិផ្សេងទៀត។

អង្គសិក្ខាសាលាបានបញ្ជាក់ទៀតថា ការរៀបចំឱ្យមានផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីធានាដល់ការអភិវឌ្ឍទេសចរណ៍ខេត្តកែប ឱ្យមានភាពខុសប្លែកពីខេត្តតំបន់ឆ្នេររបស់កម្ពុជាចំនួនបីផ្សេងទៀត (ព្រះសីហនុ កំពត់ និងកោះកុង) ដោយឈរលើគោលការណ៍ «បង្កើនភាពប្រកួតប្រជែង បង្កើតអត្តសញ្ញាណ និងលក្ខណៈពិសេស ប្រកបដោយចីវភាព នវានុវត្តន៍ និងការទទួលខុសត្រូវ»។

គួរជម្រាបថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយក្រសួងទេសចរណ៍ ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តចំនួន ៣ (ក្នុងប៉ូលទេសចរណ៍ធំៗចំនួនបីរបស់កម្ពុជា) រួមមាន៖ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តកែប៕