ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា ដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៨ខ្សែ ក្នុងខេត្តសៀមរាប


នៅព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យមើលគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងនេះនៅក្នុងក្រុងសៀមរាប។ ក្នុងឱកាសចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្ដល់ថវិកាសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ សម្រួលដល់ការធ្វើចរាចរណ៍ទៅមក បង្កើនសោភ័ណភាព ជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចប្រជុំពិភាក្សារបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងមក ដែលក្នុងកិច្ចប្រជុំនេះបានពិភាក្សា និងសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន ៣៨ ខ្សែប្រវែង ១០០ គីឡូម៉ែត្រ ដោយអនុលោមតាមផែនការមេ និងតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ ២០៣៥ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ ០០៤ សសរ ចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងផែនការមេ នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនាមគណៈកម្មការអន្តរក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាប ទាំងអស់ សូមចូលរួមសហការប្រកបដោយការយោគយល់ជាមួយគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាព និងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សា និងការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។ គួរបញ្ជាក់ថាក្នុងគោលដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាប ក្លាយទៅជាទីក្រុងទេសចរណ៍ កម្រិតពិភពលោកនោះ ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវ ដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធលើគ្រប់ទិដ្ឋភាពដូចជាប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ព្រមទាំងការធ្វើសួននិងដាំដើមឈើផងដែរ៕
On the Morning of 28 September 2020, H.E. Chea Sophara, Deputy Prime Minister and Minister of Land Management, Urban Planning and Construction, led the officials to inspect the project of construction of the 38 roads in Siem Reap province. On the occasion of inspecting the road infrastructure, H.E. Deputy Prime Minister Chea Sophara expressed his deep gratitude to the Head of the Royal Government of Cambodia, Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister, for deciding to provide funding for the construction of 38 roads in Siem Reap in order to improve the city’s infrastructure, create jobs, improve people’s living standards, facilitate traffic, increase the beauty, promote the growth of tourists and national economic growth.