អភិបាលខេត្តបន្ទាយមានជ័យ កោតសរសើរកងកម្លាំងប្រដាប់អាវុធ​កំពុង​អន្តរាគមន៍ជួយច្រូត កាត់​ស្រូវប្រជាកសិករ ដែលលិចទឹក


អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានថ្លែងកោតសរសើរដល់ទឹកចិត្តកង​កម្លាំងប្រដាប់អាវុធដែលបានលះបង់ពេលវេលា កម្លាំងកាយ ដោយមិនគិតពីការនឿយហត់ ​ចុះជួយច្រូតស្រូវបងប្អូនប្រជាកសិករដែលកំពុងរង ការលិចលង់ដោយ​ជំនន់ទឹកភ្លៀង ក្នុងតំបន់​មួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី ចុះជួបសួរសុខទុក្ខកងកម្លាំងកងពលតូច ថ្មើរជើងលេខ៥១ និងកម្លាំងប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលកំពុងចុះជួយច្រូត ស្រូវលិចទឹករបស់ប្រជា​កសិករជាង ២០ហិកតា ក្នុងភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ​កាលពីរសៀលថ្ងៃ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២៨ ខែ កញ្ញា ឆ្នាំ២០២០ ព្រមទាំងបាននាំយកភេសជ្ជ: ​និងប្រេងសាំងចំនួន ៣០០លីត្រ ផ្តល់ជូនកង កម្លាំងដែលកំពុងអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅទីនោះផងដែរ។

​ឯកឧត្តមបានថ្លែងទៀតថា បើគ្មានការចុះជួយទាន់វេលាទេនោះស្រូវដែលលិចលង់នេះ នឹងត្រូវខូចខាតទាំងស្រុង ថ្វីត្បិតមិនអាចធ្វើការច្រូតកាត់បានទាំងស្រុងតែអាចដណ្តើមបាន ខ្លះចេញពីទឹកជំនន់ ដើម្បីជាស្បៀងសម្រាប់ផ្គត់ផ្គង់ការរស់នៅបានមួយរយៈពេលដែរ។

លោកស្រី គង់ សុភាព មេឃុំរហាត់ទឹក បានលើកឡើងថា ស្រូវបង្កើនរដូវរបស់ប្រជា​កសិករក្នុងឃុំនេះ ពួកគាត់ធ្វើស្រែបានច្រើនសម្រាប់ឆ្នាំនេះ។ ប៉ុន្តែដោយសារតែជួបគ្រោះរាំង ស្ងួតអូសបន្លាយរយៈពេលយូរនាដើមរដូវនោះបានធ្វើឱ្យស្រូវដែលបងប្អូនធ្វើបានត្រូវងាប់អស់ស្ទើរគ្មានសល់។ លោកស្រីបានឱ្យដឹងបន្ថែមទៀតថា ស្រូវដែលនៅសេសសល់តិចតួច ឥឡូវ នេះត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង ​ចំពេលដែលស្រូវកំពុងទុំជិតល្មមច្រូតកាត់នោះ។

លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានលើកឡើង ថា នេះជាថ្ងៃទី២ហើយដែលកងកម្លាំងកងពលតូច បានចុះជួយច្រូតកាត់បងប្អូនប្រជាកសិករ ក្នុងភូមិនេះ។ ថ្វីត្បិតមានការលំបាកបន្តិចក្តៅ ត្រូវត្រាំក្នុងទឹកយូរម៉ោង ប្រឈមនឹងការវាយប្រ ហារខ្លះពីសំណាក់ពពួកសត្វអសិរពឹស តែបងប្អូនកងកម្លាំងយើងមានការ​រីករាយក្នុងការជួយ ច្រូតកាត់ ប្រមូលផលស្រូវពីក្នុងទឹករហូតរួចរាល់ទាំងស្រុង។

ក្នុងឱកាសនោះដែរអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានជំរុញដល់អា ជ្ញាធរដែនដី សមត្ថកិច្ចជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យបង្កើនការយកចិត្ត ទុកដាក់ក្នុងការចុះជួយដល់ប្រជាពលរដ្ឋយើង នៅក្នុងតំបន់ដែលទទួលរងដោយសារតែជំនន់ ទឹកភ្លៀងឱ្យបានទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានកូនចៅតូចៗ សូមបង្កើនការប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់បំផុត មិនត្រូវឱ្យលេងទឹក ឡើងដើមឈើនោះទេ ចៀសវាងការលង់ទឹក សត្វតិច ឬខាំ និងការរស់នៅត្រូវប្រកាន់យកនូវអនាម័យស្អាតជានិច្ច ៕