សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះសួរសុខទុក្ខ មន្ត្រី និង អាជ្ញាធរសង្កាត់ គោកឃ្លាង


រសៀលថ្ងៃច័ន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦:៣០ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រី កងម្លាំង និងអាជ្ញាធរសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ…។
សម្តេចបានសំណេះសំណាលសួរសុខទុក្ខ ពីសភាពការណ៍ សន្តិសុខ
សណ្តាប់ធ្នាប់សង្គម ការងារបម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំង និងអាជ្ញាធរ សង្កាត់… សម្តេច ក៏បានជំរាបសួរផងដែរអំពីសភាពការណ៍ ពីស្ថានភាពសុខភាព ជីវភាពរស់នៅ ការងារប្រកបមុខរបររកស៊ីប្រចាំថ្ងៃ របស់មន្ត្រី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន …។ ព្រមជាមួយនេះ សម្តេចប្រធានក្រុមការងារក៏បានបន្តសំណេះសំណាល ជំរាបជូន អំពីសម្មិទ្ធផល និងការអភិវឌ្ឍន៍រីកចម្រើនថ្មីៗរបស់សង្គមជាតិយើង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ …។ សម្តេច បន្តមានប្រសាសន៍ទៀតថា ការប្រឹងប្រែងសព្វថ្ងៃរបស់យើងទាំងអស់គ្នា គឺមិនមែនដើម្បីសម្រាប់តែផ្ទាល់ខ្លួនយើងនោះទេ តែគឺដើម្បីកូនចៅតជំនាន់របស់យើង…កុំឲ្យពួកគេជួបប្រទះនូវសោកនាដកម្មក្នុងភ្នក់ភ្លើងសង្គ្រាមដូចកាលពីអតីតកាលទៀត…។ បច្ចុប្បន្នទឹកដី ប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ មិនមានតំបន់អប្បគមន៍ មិនមានការបែងចែកទឹកដី និងតំបន់ត្រួតត្រាផ្សេងៗគ្នាដូចមុនទេ ប្រជាជនមានសិទ្ធិសេរីភាព …. ហេតុនេះយើងត្រូវតែរួមសាមគ្គីគ្នារក្សាការពារនូវសុខសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែងតទៅ។ ក្រុមប្រឆាំង ក្រុមអគតិ គេនៅតែមិនឈប់ឈរក្នុងការបំភ្លើសបំភ្លៃភូតភរ បោកបញ្ឆោតប្រជាជនយើងនៅឡើយ ហេតុនេះយើងត្រូវតែច្បាស់លាស់ និងជឿជាក់លើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល កុំលង់ចាញ់ការឃោសនាបោកប្រាស់របស់ពួកគេនោះឡើយ។ គោលដៅរបស់កម្ពុជាយើង គឺធ្វើដំណើរឆ្ពោះទៅសម្រេចនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ តែយើងនៅត្រូវការពេលវេលាច្រើនទៀត ដើម្បីតាមទាន់ប្រទេសធំៗជឿនលឿន ព្រោះយើងទើបតែចេញផុតពីភ្នក់ភ្លើងសង្គ្រាមថ្មីៗ បញ្ហាសេដ្ឋកិច្ចរបស់ក៏នៅទន់ខ្សោយ ហើយកត្តាធនធានមនុស្សរបស់យើងក៏នៅមានកំរិត….។
ចំពោះមុខជម្ងឺរាតត្បាតកូវីដ ១៩ សម្តេចបានក្រើនរំលឹកទៀតថា៖ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលប្រើដៃម្ខាងទប់ស្កាត់ការរីករាលដាលនៃជំងឺ និងប្រើដៃម្ខាងទៀតដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច ….។ ចំណែកយើងទាំងអស់គ្នា ការរក្សាជីវិត គឺជារឿងសំខាន់ជាងគេបំផុត ការពារខ្លួនយើង និងក្រុមគ្រួសារយើងឲ្យជៀសផុតពីជំងឺកូវីដ ១៩ គឺជាការជួយសង្គមជាតិយើង…។ កម្ពុជាទោះបីជានៅពេលនេះ យើងមានអ្នកឆ្លងតិច(២៧៦នាក់) ហើយការព្យាបាលឲ្យជាសះស្បើយធ្វើបានស្ទើរតែ១០០%(២៧៥នាក់) និងមិនមានអ្នកស្លាប់ក្តី ក៏យើងទាំងអស់គ្នា និងប្រជាជនគ្រប់រូប ត្រូវតែបន្តការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៖ ការធ្វើអនាម័យខ្លួនប្រាណ(លាងដៃនឹងសាប៊ូជាប្រចាំ ឬប្រើអាល់កុល ជែល…) ពាក់ម៉ាស្សការពារ រក្សាគម្លាតសុវត្ថិភាពសង្គម (កាត់បន្ថយការជួបជុំ…) ហើយបើមានអាការៈគ្រុនក្តៅ ផ្តាសសាយជាដើម សូមប្រញាប់ទៅមន្ទីរពេទ្យ ឬទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាល ហើយបើសង្កេតឃើញមានករណីសង្ស័យ សូមផ្តល់ព័ត៌មានដល់ក្រុមការងារក្រសួងសុខាភិបាលជាបន្ទាន់…៕