រដ្ឋមន្ដ្រីកសិកម្ម ជួបពិភាក្សាជាមួយនាយកថ្មី នៃកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ


ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលជួបលោកស្រី Claire Conan នាយកថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (World Food Programme) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី ដែលត្រូវបានកម្មវិធីស្បៀងអាហារពិភពលោក ផ្តល់ការគាំទ្រ និងតែងតាំង ជានាយកកម្មវិធីថ្មីប្រចាំកម្ពុជា។

ក្នុងឱកាសនេះផងដែរ តាមរយៈលោកស្រី ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏ថ្លែងអំណរគុណចំពោះកម្មវិធីស្បៀងអាហារពិភពលោក ដែលបាននិងកំពុងផ្តល់កិច្ច សហប្រតិបត្តិការ ផ្នែកមនុស្សធម៌ សំដៅកាត់បន្ថយ និងលប់បំបាត់ភាពអត់ឃ្លាន និងលើកកម្ពស់អាហារូបត្ថម្ភទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្ថែមថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលសមិទ្ធផល ដ៏ប្រពៃនេះ បានរុញច្រានកម្ពុជាពីប្រទេសដែលអសន្តិសុខស្បៀងសម្រាប់ប្រជាជនខ្លួន ទៅជាប្រទេសដែលមានអតិរេកស្បៀង និងកំពុងធ្វើការនាំចេញ ផលិតផលកសិកម្ម ទៅបណ្តាលប្រទេសជាច្រើនផងដែរ។

ពាក់ព័ន្ធនឹងកម្មវិធីគាំទ្រក្នុងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានជួយគាំទ្រ ក្នុងការរៀបចំប្រព័ន្ធព័ត៌មានទីផ្សារ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្ថែមថា ពាក់ព័ន្ធនឹងអាហារូបត្ថម្ភនៅកម្ពុជា គឺបាននឹងកំពុងមានការវិវឌ្ឍន៍ទៅមុខល្អប្រសើរ ដោយបច្ចុប្បន្ននេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោ ដែលមានសារជាតិបំប៉នខ្ពស់សម្រាប់ប្រជាជន ជាពិសេសសម្រាប់ក្មេងៗ។

លោកស្រី Clair Conan ក៏បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អ ដល់កម្មវិធីស្បៀងអាហារពិភពលោក។

លោកស្រីបានបន្ថែមថា ចំពោះវិស័យកសិកម្មគោលដៅ ក្នុងការផ្តល់ការគាំទ្ររបស់កម្មវិធីស្បៀងអាហារពិភពលោក គឺសំដៅទៅលើការជំរុញ និងលើកទឹកចិត្ត ដល់កសិករខ្នាតតូច ឲ្យបង្កើនផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ។

មួយវិញទៀត បង្កើតប្រព័ន្ធស្បៀង ដែលអាចកាត់បន្ថយការបាត់បង់ ក្រោយការប្រមូលផល និងគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ បង្កើនសមត្ថភាព របស់កសិករ និងជួយកសិករបំពេញខ្សែច្រវាក់ផលិតកម្មតម្លៃបន្ថែមផងដែរ។ ទាំងអស់នេះ លោកស្រីបានបញ្ជាក់ថា នឹងអាចជួយអភិវឌ្ឍន៍ និងគាំពារសង្គម ធានាសន្តិសុខស្បៀង និងភាពទទួលបាននៃស្បៀង ជាពិសេសចូលរួមចំណែក ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។

ហេតុនេះ លោកស្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តទៅមុខប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន សារទរចំពោះទើសដៅថ្មី ក្នុងការផ្តល់ការគាំទ្ររបស់កម្មវិធីស្បៀងអាហារ ពិភពលោកមកលើវិស័យកសិកម្ម ដែលលោកបញ្ជាក់ថា គឺស្រប់តាមទស្សនវិស័យរបស់ក្រសួង ដោយផ្តោតភ្ជង់លើការបណ្តុះបណ្តាលប្រជាកសិករ ឲ្យមានភាពច្នៃប្រឌិតក្នុងការដាំដុះ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប ដើម្បីផ្តល់លទ្ធភាព ដល់ពួកគាត់បង្កើនប្រាក់ចំណូល ធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព និងអាហារូបត្ថម្ភក្នុងគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីរីករាយ និងស្វាគមន៍ក្នុងការផ្តល់កិច្ចសហការ ជាមួយកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕