សួនច្បារថ្មីនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ បានបញ្ចប់ការស្ថាបនា១០០ភាគរយហើយ


ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌ សែន សុខ នឹងមានឱកាសក្នុងការដើរលេងកម្សាន្ត លំហែកាយ និងហាត់ប្រាណ  ខណៈសួនច្បារថ្មី១កន្លែងនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយខាងមុខ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡា ជិត១ម៉ឺនម៉ែត្រការ៉េ មកដល់ពេលនេះបានបញ្ចប់ ១០០ភាគរយហើយ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះថា សួនច្បារថ្មី១កន្លែងនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនាជាច្រើនខែកន្លងមកហើយ ហើយមកដល់ពេលនេះ បានរួចរាល់១០០ភាគរយហើយ ដើម្បីទុកឱ្យប្រជាពលរដ្ឋបានហាត់ប្រាណ និងលំហែកាយ ។

លោកបន្តថា អ្វីដែលនៅសល់ គឺនៅតែសុំការអនុញ្ញាតពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីបានអញ្ជើញចុះពិនិត្យជាក់ស្តែង និងការណែនាំដល់ក្រុម ការងារបន្ថែម មុននឹងបើកឱ្យដំណើរការជាសាធារណៈជូនប្រជាពលរដ្ឋបានដើរ លំហែល កាយ និងហាត់ប្រាណ។   លោក សំ សាមុត បានបន្តទៀតថា ការស្ថាបនា សួនច្បារថ្មី១ កន្លែងនេះ មានផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង ១៦ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា សួនច្បារថ្មីនេះ រៀបចំឡើងឱ្យមានជាទីធ្លា សម្រាប់ លំហែកម្សាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្ត និងម៉ូតូ ជាមួយនឹងបង្គោលបំភ្លឺសួនច្បារផងដែរ។ ចំពោះការងារដែលប្រើ ប្រាស់ពេលយូរ គឺការស្ថាបនាបង្គន់អនាម័យសាធារណៈនៅ លើសួនច្បារនេះតែម្តង។

លោក សំ សាមុត បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំង ណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែង នៅខណ្ឌសែនសុខ នេះពីមុនមិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយរដ្ឋបាលរាជធានីបាន ពិនិត្យឃើញថា ទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ទើបរដ្ឋបាលរាជធានី ណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះ។ ដោយហេតុថា សួនច្បារមិនត្រឹមតែជាក ន្លែងទាក់ទាញនូវភ្ញៀវជាតិ អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយសម្រាប់ ប្រជាពលរដ្ឋ លោកអញ្ជើញមកហាត់ប្រាណនៅទីនេះផងដែរ ព្រោះថាការហាត់ប្រាណជាឱសថ ដ៏ស័ក្តិសិទ្ធិក្នុងការព្យាបាលជំងឺគ្រប់ប្រភេទ៕