ឯកឧត្ដម ប៉ា សុជាតិវង្ស ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី


នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ដើម្បីពិភាក្សាស្ដីពីវិធានការបង្ការទប់ស្កាត់សកម្មភាពភេរវកម្ម និងពិនិត្យលើការងារអនុវត្ដ ភូមិ-សង្កាត់មានសុវត្ថិភាព។
វិធានការអប់រំ ផ្សព្វផ្សាយ ស្ដារ និងវិធានការច្បាប់បានអនុវត្ដកន្លងមកចំពោះបទល្មើសគ្រឿងញៀន ចរាចរណ៍ អគ្គីភ័យ គឺដើម្បីធានាឱ្យបាននូវស្ថិរភាពសង្គម ការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងដើម្បីដោះស្រាយបញ្ហាប្រឈមដែលត្រូវមានវិធានការបង្ការទប់ស្កាត់។ ក្នុងនោះ ភូមិ-សង្កាត់មានសុវត្ដិភាពជាគោលនយោបាយសំខាន់ក្នុងការការពារសុខដុមរមនាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលគោលនយោបាយនេះ បានជំរុញនិងកំពុងបន្ដពង្រឹងការអនុវត្ដជាប្រចាំដើម្បីទប់ស្កាត់សកម្មភាពអសកម្មនានាផងដែរ។
ការបង្ការទប់ស្កាត់សកម្មភាពភេរវកម្ម ក៏ជាវិធានការដែលត្រូវឱ្យរដ្ឋបាលសង្កាត់ ខណ្ឌ រាជធានី និងស្ថាប័ន-អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការគ្នា ដើម្បីកំណត់នូវមុខសញ្ញា ក្ដាប់ឱ្យបាននូវស្ថិតិបច្ចុប្បន្នភាព សកម្មភាពអសន្ដិសុខ សមាសភាពបណ្ដាញមុខសញ្ញាដែលមានការពាក់ព័ន្ធនឹងភេរវកម្ម ការតាមដាន ត្រួតពិនិត្យ វាយតម្លៃសភាពការណ៍ និងការងារមួយចំនួនទៀតដើម្បីពង្រឹងវិធានការការពារសន្ដិភាព សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ជនបរទេស ព្រមទាំងទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ៕