រដ្ឋមន្ត្រីការងារ ដាក់សំណើ៣ទៅកាន់ទូតជប៉ុន ដើម្បីនាំប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា


ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់សំណើចំនួន៣នៅចំពោះមុខឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរ៉ូ ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ សំណើទាំង៣នោះរួមមាន បន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស, លើកទឹកចិត្តអ្នកវិនិយោគជប៉ុនឱ្យបង្កើនការវិនិយោគនៅកម្ពុជា និងពង្រីកទីផ្សារសម្រាប់ផលិតផលឧស្សាហកម្មរបស់កម្ពុជានៅប្រទេសជប៉ុន។

សំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

ក្នុងជំនួបនេះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ជប៉ុនលើគ្រប់វិស័យ។ ដោយឡែកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរកំពុងបន្តជំរុញយកចិត្តទុកដាក់ និងពង្រីកនូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត។ រដ្ឋាភិបាលនៃប្រទេសទាំងពីរសុទ្ធតែបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកឯកអគ្គរាជទូតជប៉ុនបានកោតសរសើរ ចំពោះវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។

ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការវិស័យការងារ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០០៧ ដើម្បីទទួលកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន និងអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០១៩ ដើម្បីទទួលយកពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញកម្ពុជាដែលកំពុងបម្រើការនៅប្រទេសជប៉ុនមានជាង ១០,០០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ដោយសារបច្ចុប្បន្នពិភពលោកទាំងមូល រួមទាំងកម្ពុជាផងនោះកំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យការងារ វិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀតនៅកម្ពុជាជួបប្រទះនូវវិបត្តិមួយចំនួន។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកញ្ចប់វិធានការ ដែលមកដល់ពេលនេះ បានទម្លាក់កញ្ចប់វិធានការទី៦ហើយ ដើម្បីដោះស្រាយផលប៉ះពាល់ជូនកម្មករនិយោជិត និយោជក និងប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតដែលព្យួរការងារ និងបាត់បង់ការងារ ដើម្បីពួកគាត់អាចដោះស្រាយបាននូវបញ្ហាជីវភាព និងស្វែងរកបាននូវឱកាសការងារថ្មី។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះភាគីជប៉ុន ដែលបានយកចិត្តទុកដាក់ដល់សិក្ខាកាម និងកម្មករជំនាញកម្ពុជា ព្រមទាំងអនុញ្ញាតឱ្យចេញចូលជប៉ុនតាមរយៈវិធានការធ្វើចត្តាឡីស័កនៅផ្ទះ។ តាមគ្រោងទុកកម្ពុជានឹងបញ្ជូនសិក្ខាកាម និងកម្មករជំនាញដែលបានបណ្តុះបណ្តាលរួចទៅជប៉ុនបន្ថែមទៀតក្នុងពេលឆាប់ៗ នៅពេលដែលភាគីទាំងពីរឯកភាពនូវមធ្យោបាយ និងនីតិវិធីក្នុងការធានាឱ្យបាននូវការឆ្លងវីរ៉ុសកូវីដ-១៩។

នៅក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការអនុវត្តគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា។ គោលនយោបាយនេះ ក៏កំពុងត្រូវការការចូលរួមជួយពីសំណាក់ដៃគូជាច្រើនទៀត ហើយអង្គការ JICA របស់ជប៉ុនក៏បានជួយដល់ការបណ្ដុះបណ្ដាលលើជំនាញអគ្គិសនីផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានជម្រាបថា ថ្មីៗនេះក្រសួងបានស្នើទៅកាន់អង្គការ JICA ដើម្បីសុំឱ្យមានគ្រូបច្ចេកទេសផ្នែកអគ្គិសនីនេះមកជួយបង្រៀនបន្ថែម ហើយសង្ឃឹមថាជប៉ុននឹងយល់ព្រមចំពោះសំណើនេះ។

លោក មីកាមិ ក៏ដូចជាលោក អ៉ិត សំហេង សុទ្ធតែបានបង្ហាញពីការមើលឃើញថា ក្រុមអ្នកវិនិយោគជប៉ុន ពិតជាបានរួមវិភាគទានយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានការលូតលាស់រីកម្រើនជាបន្តបន្ទាប់។ ឧស្សាហកម្មដែលវិនិយោគដោយជនជាតិជប៉ុន មិនបានបិទនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននោះឡើយ មានតែបន្តបង្កើនវិនិយោគបន្ថែមទៀត ជាក់ស្តែងដូចជាក្រុមហ៊ុន Minibear ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ជប៉ុនដែលផលិតគ្រឿងបង្គុំ ម៉ូទ័រតូចៗជាដើម។

ភាគីទាំងពីរបានលើកឡើងទៀតថា សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់អ្នកវិនិយោគទុន។ កន្លងមកនេះ ទំនាក់ទំនាក់ដ៏ល្អរវាងកម្មករនិយោជិតរបស់កម្ពុជា និងថៅកែជាជនជាតិជប៉ុនមានភាពស្និទ្ធស្នាល ចេះយោគយល់អធ្យាស្រ័យគ្នា ដែលជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនផងដែរ៕