អភិបាលខណ្ឌចំការមន ពិនិត្យទីតាំងចុះឈ្មោះបោះឆ្នោតក្នុងមូលដ្ឋាន និងអំពាវនាវពលរដ្ឋដែលមិនទាន់មានឈ្មោះបោះឆ្នោត ត្រូវប្រញាប់ទៅចុះឈ្មោះ


អភិបាលខណ្ឌចំការមន ឯកឧត្តម ថេង សុថុល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ក្នុងឱកាសចុះពិនិត្យទីតាំងចុះឈ្មោះបោះឆ្នោត នៃសង្កាត់ចំនួន៥ ក្នុងមូលដ្ឋាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់មានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវប្រញាប់រួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ថេង សុថុល ក្នុងដំណើរចុះត្រួតពិនិត្យទីតំាងចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់ចំនួន៥ នៃខណ្ឌចំការមន នាព្រឹកមិញនេះ ក៏បាននាំយកនូវទឹកអាល់កុល និងម៉ាស ជូនដល់ការិយាល័យចុះឈ្មោះបោះឆ្នោតទាំង៥ សង្កាត់ ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នោះផងដែរ។

សង្កាត់ទំាង៥នោះ រួមមាន៖ សង្កាត់បឹងត្របែក, សង្កាត់ផ្សារដើមថ្កូវ, សង្កាត់ទួលទំពូង១ សង្កាត់ទួលទំពូង២ និងសង្កាត់ទន្លេបាសាក់។

យោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានតម្រូវឲ្យប្រជាពលរដ្ឋ ចាប់ពីវ័យគ្រប់អាយុត្រូវបោះឆ្នោត ត្រូវនាំគ្នាទៅពិនិត្យឈ្មោះ នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត តាមទីតំាងសង្កាត់នានា នៃខណ្ឌនីមួយៗ ដែលបានរៀបចំនោះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

សូមជម្រាបថា សម្រាប់ខណ្ឌចំការមន ប្រជាពលរដ្ឋ មានអាយុ១៨ឆ្នាំឡើង មានចំនួន៣៧,៤១៧នាក់ ក្នុងនោះចំនួនប៉ាន់ស្មានប្រជាពលរដ្ឋ ដែលត្រូវចុះឈ្មោះបោះឆ្នោត មានចំនួន ១,៥៦៥នាក់ ផែនការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ មានចំនួន៤៤១នាក់៕