ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ លើស្ត្រីជនជាតិខ្មែរដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ទៀត ដែលត្រូវបានរកឃើញលើស្ត្រីជនជាតិខ្មែរ ដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលទើបរកឃើញឆ្លងកូវីដ១៩ មានអាយុ៣៣ឆ្នាំ អាសយដ្ឋានស្នាក់នៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

បន្ទាប់មកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ គាត់បានចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តបាត់ដំបង ក្រោយលទ្ធផលតេស្តលើកទី០១ របស់គាត់ អវិជ្ជមានវីរុសកូវីដ-១៩។ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ គឺត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការវិភាគវត្ថុសំណាកលើកទី២ របស់គាត់ គឺទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្រសួងបានបញ្ជាក់ទៀតថា មានមិត្តភក្តិពីរនាក់ បានមកដឹកស្ត្រីទើបរកឃើញជំងឺកូវីដ១៩នេះ តាមរថយន្តផ្ទាល់ខ្លួនចេញពីភ្នំពេញ ទៅ អាសយដ្ឋានខាងលើក្នុងខេត្តបាត់ដំបង។ តាមការស្រាវជ្រាវ និងសាកសួរព័ត៌មានជាបឋម និងភ្លាមៗ ដោយក្រុមការងារឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ក្រោយពីទទួលបានលទ្ធផល វិភាគវត្ថុនៃមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺមានចំនួន ០៧នាក់ (០៥នាក់ជាក្រុមគ្រួសារ និង ០២នាកជាមិត្តភក្តិរបស់អ្នកជំងឺ) ហើយអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺនេះសរុបមានចំនួន ៤០នាក់។

ក្រុមការងារ នឹងបន្តការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាបន្តទៀតនៅថ្ងៃទី០២ ខែតុលានេះ និងនៅថ្ងៃបន្តបន្ទាប់ទៀត ដោយសារស្ថានភាពអាកាសធាតុនៅខេត្តបាត់ដំបង នាយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងពេក និងយប់ជ្រៅផងនោះ។ ក្រសួងនឹងបន្តជម្រាបជូនសាធារណជននូវលទ្ធផលនៃការស្រាវជ្រាវរកអ្នកប៉ះពាល់នូវពេលបញ្ចប់ការងារនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៨នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែ ចំនួន០១នាក់ មន្ទីរពេទ្យខេត្តសៀមរាប ចំនួន០១នាក់ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន០១នាក់៕