ឯកឧត្តម ជាវ តាយ អញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ ស្ដីពីការផ្ដល់បច្ចេកទេសអនុវត្តន៍មុខងារវិស័យបរិស្ថាន ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ


សិក្ខាសាលាថ្នាក់តំបន់ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាននៅខេត្តកំពតស្ដីពីការ ផ្ដល់បច្ចេកទេសក្នុងការអនុវត្តមុខងារវិស័យបរិស្ថានជូន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិបន្ទាប់ ពីបានដំណើរការអស់រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវ បានធ្វើពិធីបិទ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោក ភាវ សុវទ្ធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពតំណាងក្រសួងបរិស្ថាន។

លោក ភាវ សុវទ្ធី បានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃអង្គសិក្ខាសាលា គឺបានប្រព្រឹត្តទៅ ដោយភាពរលូន និងជោគជ័យដែលមានសិក្ខាកាមចូលរួមជាមន្ត្រី អាជ្ញាធរក្រុង ស្រុក និងអ្នក ពាក់ព័ន្ធមកពីខេត្តចំនួន៤ គឺខេត្តកំពត ព្រះសីហនុ តាកែវ និងខេត្តកែប សរុបចំនួន៩០នាក់។

សិក្ខាសាលានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍ចំណេះដឹងសំខាន់ៗ ពាក់ព័ន្ធបច្ចេកទេសនិងលើកទឹកចិត្តអ្នកអនុវត្តន៍មុខងារវិស័យបរិស្ថានឲ្យបានទូលំទូលាយ និងសិក្សាស្វែងរកបញ្ហាប្រឈមដំណោះស្រាយនិងសំណូមពរក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្រុងស្រុក។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងការអនុវត្ត មុខងារដែលបានផ្ទេរពីក្រសួងបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពនិ ងប្រសិទ្ធផលការងារ សំដៅរួមចំណែកលើកកម្ពស់សោភណភាពក្រុង ស្រុក និងគាំពារ សុខុមាលភាពសាធារណៈ និងការរស់នៅដោយចីរភាព ស្របទៅនឹងគោលបំណងជាចម្បង នៃស្មារតីអនុក្រឹត្យពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីធានានូវសោភណភាព និងគាំពារសុខុមាលភាពសាធារណៈ និងបរិស្ថាន។

ឯកឧត្តម ជាវ តាយ ក៏បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈវគ្គបណ្ដុះបណ្ដាល នៃអង្គ សិក្ខាសាលានេះដែរ សិក្ខាកាមទាំងអស់ ពិតជានឹងបានយល់ច្បាស់អំពីគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបែបបទនីតិវិធី ដែលជាមូលដ្ឋានរឹងមាំក្នុងការអនុវត្តមុខងារ និង ភារកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងនាមជាមន្ត្រីសាធារណៈមានកាតព្វកិច្ចចូលរួម ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដើម្បីកម្ពុជាឆ្ពោះទៅ សម្រេចចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញ៕