អបអរសាទរ ! ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តទទួលបានវិញ្ញាបនបត្រមាស ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក


(ភ្នំពេញ)៖ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលជាចៅស្រីសំណព្វចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបទទួលបានវិញ្ញាបនបត្រមាសថ្មីមួយទៀត ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក ដែលមានឈ្មោះថា Mathletics។

យោងតាមតារាង Mathletics ដែលទទួលបាននៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា វិញ្ញាបនបត្រមាសនេះទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ជាមួយពិន្ទុប្រមាណ ៤៥,១៤០។

ការទទួលបានវិញ្ញាបនបត្រមាសពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោកនេះ មិនមែនជារឿងថ្មីឡើយសម្រាប់កុមារី ហ៊ុន ពេជ្រមុន្នីលីណា។ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ជាកូនស្រីទី២របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានទទួលវិញ្ញាបនបត្រមាសថ្នាក់ពិភពលោកនេះជាច្រើនលើកមកហើយ។

ការផ្តល់នូវវិញ្ញាបនបត្រមាសថ្នាក់ពិភពលោកនេះ បានបង្ហាញការខិតខំ និងភាពឆ្លាតវៃរបស់ កុមារី ហ៊ុន ពេជ្រមុន្នីលីណា ដែលតែងតែប្រឹងប្រែងធ្វើលំហាត់ និងដណ្តើមតំណែងកំពូលលើតារាងកម្មវិធីប្រកួតគណិតវិទ្យា Mathletics ទូទាំងពិភពលោក។

សូមជម្រាបថា Mathletics គឺជាគេហទំព័រអប់រំ តាមអ៊ីនធឺណិតមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ នៅប្រទេសអូស្ត្រាលី។ ជាបន្តបន្ទាប់កម្មវិធីនេះ ត្រូវបានពង្រីកផ្សព្វផ្សាយទូទាំងពិភពលោក។ មកដល់ពេលបច្ចុប្បន្ន Mathletics ទាក់ទាញអ្នកចូលរួមបានសិស្សចំនួន ៤.១លាននាក់ នៅទូទាំងពិភពលោក និងសាលារៀនចំនួន១៧,០០០ឲ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ។

កម្មវិធីនេះប្រឡងរៀងរាល់ថ្ងៃ អ្នកប្រឡងបានពិន្ទុលើសពី ១,០០០ នឹងបានទទួលវិញ្ញាបនបត្រសំរឹទ្ធ (Bronze certificate) មួយ ។ ក្នុងមួយសប្តាហ៍ទើបកម្មវិធីនេះសរុបពិន្ទុម្ដង ហើយគេប្រកាសលទ្ធផលតែអ្នកដែលបានពិន្ទុកំពូល១០០នាក់តែប៉ុណ្ណោះ។

កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីសម្តេចតេជោ ហ៊ុន សែន តែងតែទទួលបានពិន្ទុលេខ១ក្នុងចំណោមអ្នកកំពូល ១០០នាក់នោះ។ អ្នកទទួលបានវិញ្ញាបនបត្រសំរឹទ្ធ៥ នឹងទទួលបានវិញ្ញាបនបត្រប្រាក់ (Silver certificate) មួយ ហើយអ្នកទទួលបានវិញ្ញាបនបត្រប្រាក់៤ និងទទួលបានវិញ្ញាបនបត្រមាស (Gold certificate) មួយ។ វិញ្ញាបនបត្រទាំងនេះ គឺជាវិញ្ញាបនបត្រថ្នាក់ពិភពលោក៕