អភិបាលខេត្តស្វាយរៀង អញ្ជើញជួបជាមួយប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងការគាំទ្រដល់ការអនុវត្តការងារក្នុងវិស័យកសិកម្មនៅក្នុងខេត្តស្វាយរៀង


នាថ្ងៃចន្ទទី០៥ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបជាមួយប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងការគាំទ្រដល់ការអនុវត្តការងារក្នុងវិស័យកសិកម្មនៅក្នុងខេត្តស្វាយរៀង។
ជំនួបនេះក៏មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមទីប្រឹក្សាក្រសួង ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីវិស័យអាទិភាពសំខាន់ៗទាំង០៥នៃវិស័យកសិកម្នក្នុងឆ្នាំ២០១៩-២០២៣ ព្រមទាំងស្នើដល់រដ្ឋបាលខេត្ត ជួយគាំទ្រនូវភាពខ្វះចន្លោះ ដើម្បីបំពេញបន្ថែមនូវផ្នែកសំខាន់ៗក្រៅពីក្រសួងបានផ្តល់ឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តរដ្ឋលេខាធិការ និងប្រតិភូដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចុះពិនិត្យការងារកសិកម្មក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងបានឆ្លៀតពេលជួបពិក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀងនាពេលនេះ។ ជាមួយនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីវឌ្ឍនភាព នៃវិស័យកសិកម្មខេត្តស្វាយរៀង ដែលមន្ទីរកសិកម្ម បានអនុវត្តនាពេលកន្លងមក តាំងពីអាណត្តិដឹកនាំរបស់ឯកឧត្តម ថាច់ រតនា និងកំពុងបន្តធ្វើក្នុងអាណត្តិដឹកនាំរបស់់លោកប្រធានមន្ទីរថ្មី បានយកចិត្តទុកដាក់លើការងារអាទិភាពសំខាន់ៗជាច្រើន ដែលបម្រើឲ្យការរីកចម្រើនក្នុងវិស័យកសិកម្មជួយដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រនានាក្នុងខេត្តស្វាយរៀង ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ១៩នេះ។
ជាចុងបញ្ជប់ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការគាំទ្រនូវអ្វីដែលជាសំណូមពរបស់ឯឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីបញ្ហាដែលមន្ទីរកសិកម្មខេត្តជួបប្រទះ រដ្ឋបាលខេត្ត និងជួយគាំទ្របំពេញបន្ថែម៕