ឯកឧត្តម នេត ភក្ត្រា៖ ការប្រែក្លាយតំបន់ការពារធម្មជាតិ ទៅជាតំបន់ទេសចរណ៍ ជួយបង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ


(មណ្ឌលគិរី)៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយប្រែក្លាយតំបន់ការពារធម្មជាតិដែល មានសក្តានុពលទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ច សម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅកំលុងជួបសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិច នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ និងទី៤ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។

ជំនួបជាមួយប្រជាសហគមន៍នេះ ត្រូវបានសម្របសម្រួលរៀបចំដោយ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) ដែលជាអង្គដៃគូរបស់ក្រសួងបរិស្ថានផ្តល់ជំនួយបច្ចេកទេស ចូលរួមក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍ ដែលសហគមន៍ទទួលបានពីការអនុវត្តគម្រោងរេដបូកលក់ឥណទានកបូន និងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាបច្ចុប្បន្ននេះ គោលនយោបាយប្រែក្លាយតំបន់ការពារធម្មជាតិ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ បានក្លាយជាការពិត ហើយបាននិងកំពុងតែអនុវត្ត និងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ តំបន់ការពារធម្មជាតិនានា ដែលពោរពេញ ដោយសក្តានុពលទេសចរណ៍។

ឯកឧត្តមបានបន្តថា គ្រាន់តែនៅក្នុងខេត្តមណ្ឌលគិរីតែមួយ មានតំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការមានចំនួនជាង៣០កន្លែង ដែលរួមមានភ្នំ ទឹកជ្រោះ ព្រៃឈើ និងសត្វព្រៃ និងវាលស្មៅជាដើម។

សម្រាប់ខេត្តមណ្ឌលគិរី មានតំបន់ដែនជម្រកសត្វព្រៃចំនួន៥ រួមមាន៖ ដែនជម្រកសត្វព្រៃកែវសីមា, ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃលំផាត់ និងរបៀងអភិរក្សជីវៈម្រុះឦសាន ដែលមានផ្ទៃដីសរុបទំហំជាង ១.១លានហិកតា និងតំបន់ច្រើនដែលមាន សក្តានុពលដែលអាចក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិបន្ថែមទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

បើតាមការឱ្យដឹងរបស់ឯកឧត្តមរដ្ឋលេខាធិការ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា មានទឹកធ្លាក់ធម្មជាតិប្រកបដោយទេសភាពដ៏ល្អស្អាតគួរជាទីទាក់ទាញចំនួន ១០កន្លែងដូចជា៖ ទឹកធ្លាក់លែងអង លែងឃិនជាដើម ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលជាដៃគូក្នុងការងារការពារ និងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា បាននឹងកំពុងផ្តល់ការគាំទ្រទាំងស្មារតី និងបច្ចេកទេសដល់ប្រជាសហគមន៍ ដើម្បីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ។

សហគមន៍ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹង ស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ក្នុងគម្រោងអភិរក្សសត្វស្វាកន្ទុយស និងសត្វទោចថ្ពាល់លឿង បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាពិសេសភ្ញៀវទេសចរបរទេស មកទស្សនាសត្វកម្រនៅលើពិភពលោកនេះ។

ក្នុងមួយឆ្នាំ២០១៩កន្លងទៅ សហគមន៍ទេសចរណ៍ ធម្មជាតិអណ្តូងក្រឡឹង បានទទួលភ្ញៀវទេសចរប្រមាណជាង ៤៥០នាក់ បានចំណូលជាង ១៧,០០០ដុល្លារអាមេរិក។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ចំណូលនេះបានធ្លាក់ទៅដល់ដៃប្រជាសហគមន៍។

ដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែមានសារៈសំខាន់ជាអន្តរជាតិ សម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិកម្រនៅលើពិភពលោកនោះទេ ប៉ុន្តែជាទីកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព្រោះមានទីតាំងព័ទ្ធទីរួមខេត្តមណ្ឌលគិរី និងមានរុក្ខជាតិកម្រ និងផ្កាព្រៃចម្រុះពណ៌ ដ៏ស្រស់ស្អាត មានទឹកធ្លាក់ធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការអញ្ជើញមកទស្សនាកម្សាន្តនៅតាមសហគមន៍ ទេសចរណ៍ធម្មជាតិនានា នឹងជួយគាំទ្រ ដល់ការងារអភិរក្សបង្កើតសេដ្ឋកិច្ច នៅមូលដ្ឋានបង្កើតជម្រើសមុខរបរថ្មី ដល់ប្រជាសហគមន៍ និងផ្តល់ចំណូលសម្រាប់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាដើម្បីកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះ និងអរគុណដល់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ ទេសចរណ៍ធម្មជាតិនានា។

សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាត នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ សូមចូលរួមរក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំណល់ពាសវាលពាសកាល ដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ៕