រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន


កណ្តាល ៖អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម គីម រិទ្ធី ស្នើឱ្យគណៈកម្មការគ្រឿងញៀនខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ឃោសនា អប់រំប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន តាមរយៈការចុះមូលដ្ឋានផ្ទាល់ និងត្រូវបន្តការតាមដាន និងក្ដោបក្តាប់នូវមុខសញ្ញាប្រើប្រាស់ និងមុខសញ្ញាជួញដូរគ្រឿងញៀនឱ្យបានជាប់នៅនឹងដៃ ដើម្បីជាមូលដ្ឋានក្នុងការបង្ក្រាបបានទាន់ពេលវេលា ដើម្បីឈានទៅបង្ក្រាបនៅលើសមរភូមិ នៃការជួញដូរគ្រឿងញៀនឱ្យសម្រេចបានជោគជ័យ។

ឯកឧត្ដម អភិបាលរងខេត្តកណ្ដាល បានស្នើបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទទី០៥ ខែតុលា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល។ឯកឧត្ដអភិបាលរងខេត្ត មានប្រសាសន៍បន្តថា ដើម្បីឈានទៅបង្ក្រាបនៅលើសមរភូមិ នៃការជួញដូរគ្រឿងញៀនឱ្យសម្រេចបានជោគជ័យ គណៈកម្មការគ្រឿងញៀនខេត្តកណ្តាល និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបន្តការតាមដាន និងក្ដោបក្តាប់នូវមុខសញ្ញា ប្រើប្រាស់នឹងមុខសញ្ញាជួញដូរឱ្យបានជាប់នៅនឹងដៃ ដើម្បីជាមូលដ្ឋាន ក្នុងការបង្ក្រាបបានទាន់ពេលវេលា។ បន្តតាមដានសកម្មភាពឧក្រិដ្ឋជនជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ជាប់ជាប្រចាំ និងចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា និងធ្វើការអប់រំផ្សព្វផ្សាយ នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គោលនយោបាយគ្មានការដាំដុះ ការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកណ្តាល បានរួមគ្នាទប់ស្កាត់ និងប្រឆាំងនូវបទល្មើសឧក្រិដ្ឋ នៃការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ពីសំណាក់ឧក្រិដ្ឋជន នៅក្នុងទឹកដីនៅខេត្តកណ្តាល បានលទ្ធផលល្អ និងបន្តអនុវត្តន៍វិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានលទ្ធផលល្អប្រសើរ និងរួមគ្នាទប់ស្កាត់ ការចែកចាយ ការធ្វើចរាចរណ៍គ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋាន និងទប់ស្កាត់ ការធ្វើចរាចរណ៍ ការជួញដូរគ្រឿងញៀនគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំផលប៉ះពាល់ដោយសារគ្រឿងញៀនឱ្យបានទូលំទូលាយ នៅតាមមូលដ្ឋាន មន្ទីរអង្គភាព ស្ថាប័ននានាផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០នេះ គណៈកម្មការគ្រឿងញៀនខេត្តកណ្តាល បានបង្ក្រាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំងខេត្តកណ្តាលបានចំនួន៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ៥៥១នាក់ ស្រី២៧នាក់ ។ វត្ថុតាងចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន ១.៤៦០កញ្ចប់ ស្មើទម្ងន់ ២៣០៧,២៤ក្រាម , WY ៥គ្រាប់ ស្មើ១,៣៥ក្រាម Estaxy ០៦គ្រាប់ ស្មើទម្ងន់ ២,១៥ក្រាម កញ្ឆា ១១៥ដើម រថយន្ត ២គ្រឿង ,ម៉ូតូ ១១៣គ្រឿង ទូរស័ព្ទដៃ ២៧១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន ២៦គ្រឿង ប្រាក់ខ្មែរ ៣.៦២៤.៧០០រៀល ប្រាក់ដុល្លារ ១១៣ដុល្លារអាម៉េរិក ប្រាក់បាត ២០បាត និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕