សិក្ខាសាលា ស្តីពី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រក្នុងវិស័យបរិស្ថាន


ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា កាលពីថ្ងៃ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី«ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យបរិស្ថាន» នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងបន្តថា សិក្ខាសាលាស្តីពី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យបរិស្ថាន មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំ និងតំណាងអង្គភាពចំណុះក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធ ដែលមានសមាសភាពប្រមាណ២០០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្ស៊ីគម្រោងកម្មវិធីក៏ដូចជាការគាំទ្រពីដៃគូអភិវឌ្ឍន៍ជាមួយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព និងពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងប្រមូលធាតុចូលជាមូលដ្ឋានសម្រាប់កំណត់ទិសដៅការងារបន្ត។

ឯកឧត្តម សៅ សុភាព បានមានមតិស្វាគមន៍និងបានរំលេចពីសេចក្តីថ្លែងការណ៍ទីក្រុងប៉ារីសនៅឆ្នាំ២០០៥ ស្តីពីប្រសិទ្ធភាពនៃការផ្តល់ជំនួយ ដែលក្នុងនោះបានសង្កត់ធ្ងន់ទៅលើ ៖១-ភាពជាម្ចាស់ក្នុងនាមជាប្រទេសសាមី ។ ២-ការបន្ស៊ីគោលបំណងក៏ដូចជាផែនការសកម្មភាពរបស់គម្រោងទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។៣- ការសហការដោយរលូននិងមានលក្ខណៈសុខុដុមរមនីយកម្ម។ ៤-ការផ្តោតសំខាន់លើលទ្ធផល ។ ៥-ការទទួលខុសត្រូវរួមរវាងម្ចាស់ជំនួយនិងដៃគូ។

បន្ថែមពីនោះឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានកន្លងមករវាងអង្គការ ដៃគូអភិវឌ្ឍន៍ជាមួយក្រសួងបរិស្ថាន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ ការជំរុញការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ ការរៀបចំគោលនយោបាយយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ជាពិសេសការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិក ដោយប្រកាន់លើគោលជំហរភាពជាម្ចាស់ក្នុងនាមជាប្រទេសសាមី ហើយអង្គការដៃគូដើរតួនាទីជាដៃគូសហការក្នុងការផ្តល់ជំនួយបច្ចេកទេស ការគាំទ្រថវិកា ដោយអនុលោមតាមគោលនយោ បាយ យុទ្ធសាស្រ្ត ផែនការសកម្មភាពដែលបានដាក់ចេញ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានស្នើឱ្យអង្គសិក្ខាសាលាចូលរួមពិភាក្សា ផ្តល់យោបល់ ដើម្បីស្វែងរកបញ្ហាប្រឈមនិងដំណោះស្រាយ ដើម្បីជាមូលដ្ឋានក្នុងការលើកទិសដៅការងារបន្តដោយគិតគូរពីគោលបំណងរបស់អង្គការ ដៃគូអភិវឌ្ឍន៍ និងការងារអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានផងដែរ ៕