ឯកឧត្តម កៅ ថាច ប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបណ្ដុះបណ្ដាលស្តីពីសហគ្រិនភាពក្នុងវិស័យកសិកម្មសម្រាប់យុវជនស្រុកខ្សាច់កណ្ដាល


ក្នុងការបិទវគ្គបណ្ដុះបណ្ដាលស្ដីពីសហគ្រិនភាពក្នុងវិស័យកសិកម្មសម្រាប់យុវជនស្រុកខ្សាច់កណ្តាល ដែលក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដល់យុវជនស្រុកខ្សាច់កណ្តាលជាច្រើននាក់ បានទទួលបទពិសោធន៍ពីគ្រូបង្គោលបច្ចេកទេសដែលមានការដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វ ។
ការបិទវគ្គបណ្ដុះបណ្ដាលស្ដីពីសហគ្រិនភាពក្នុងវិស័យកសិកម្មសម្រាប់យុវជនស្រុកខ្សាច់កណ្តាល ដែលក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងអស់លោក លោកស្រី អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលទាំងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកសិករ យុវជនស្រុក ។
នាឱកាសបិទវគ្គបណ្ដុះបណ្ដាលលោកអភិបាលស្រុកខ្សាច់កណ្តាលបានលើកឡើងនិងវាយតម្លៃខ្ពស់ថា វគ្គបណ្ដុះបណ្ដាលស្ដីពីសហគ្រិនភាពក្នុងវិស័យកសិកម្មសម្រាប់យុវជនយើងបានទទួលបទពិសោធន៍ បច្ចេកទេស ចំណេះដឹងអំពីវិស័យកសិកម្មនដើម្បីឈានដល់ចាប់យកការធ្វើកសិកម្មក្នុងស្រុកនិងបង្កបង្កើនផលឲ្យកាន់តែប្រសើរនិងមាននិរន្តរភាពសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារយុវជននីមួយៗ។
ជាមួយគ្នានោះដែរលោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកណ្ដាលក៏បានផ្ដាំផ្ញើដល់យុវជនស្រុកខ្សាច់កណ្ដាលថា លោកចង់ឃើញយុវជនយើងមកពីវិស័យកសិកម្មលោកនឹងធ្វើការគាំទ្របទពិសោធន៍ បច្ចេកទេស សម្ភារៈ ដើម្បីជួយជំរុញឲ្យដល់ គោលដៅដែលយុវជនយើងចង់បាន ។
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានមានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលថា ចង់ឲ្យយុវជនយើងមានក្តីស្រមៃ និងចិត្តចង់ធ្វើកសិកម្ម ក្លាយជា គំរូល្អ ដល់យុវជនផ្សេងៗទៀត ។ យើងត្រូវមានសុបិននិងផែនការច្បាស់លាស់សម្រាប់ធ្វើវិស័យកសិកម្ម ហើយកុំខ្លាចបរាជ័យ បើបរាជ័យកាន់តែច្រើននោះបទពិសោធន៍ក៏បានច្រើនដែរ ។ វគ្គបណ្ដុះបណ្ដាលនេះក៏មិនបានធ្វើឲ្យយុវជនយើងទទួលបានទាំងស្រុងនោះទេ គ្រាន់តែធ្វើឱ្យយុវជនស្រុកខ្សាច់កណ្ដាលមានចិត្តចង់ និងមានក្តីស្រមៃចង់ធ្វើវិស័យកសិកម្មនិងរៀបចំផែនការ សកម្មភាព និងមានគោលដៅច្បាស់លាស់សម្រាប់ធ្វើនាពេលខាងមុខ ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបន្ថែមថា ឯកឧត្តមចង់ឃើញកសិករ និងយុវជន ស្រុកខ្សាច់កណ្ដាលក្លាយជាស្រុកគំរូមួយដែលមានការដាំដុះឬក៏ចិញ្ចឹមសត្វឱ្យមានភាពលេចធ្លោឡើងដូចជា ស្រុកមុខកំពូល ស្រុកពញាឮ ស្រុកស្អាងដែលស្ថិតក្នុងខេត្តកណ្ដាលសុទ្ធតែមានកសិករគំរូទាំងអស់ ។
ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានធ្វើការណែនាំដល់យុវជនក្នុងស្រុកខ្សាច់កណ្តាលទៀតថា សូមយុវជនយើងទាំងអស់មេត្តាធ្វើការដាំដុះ ចិញ្ចឹមសត្វប្រកបដោយលក្ខណៈបច្ចេកទេស និងតាមស្តង់ដារ ការដាំដុះ ចិញ្ចឹមសត្វ លក្ខណៈតូចតាចពេកធ្វើឱ្យបងប្អូនមិនបានទទួលទិន្នផលខ្ពស់នោះទេ ហើយត្រូវចេះកែប្រែពីអាជីវកម្មបែបកសិកម្ម មកជាកសិកម្មបែបសហគ្រិនដែលមាននិរន្តភាព។ ដូច្នេះត្រូវតែសិក្សា រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផែនការ ធ្វើឱ្យការនាំចេញបន្លែ ត្រី សាច់ ផ្លែឈើនៅនឹងកន្លែងឲ្យទទួលបានទិន្នផលខ្ពស់ ដើម្បីមាននិរន្តភាព បានផ្គត់ផ្គង់ទីផ្សារ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។
ជាមួយគ្នាដែរបន្ទាប់ពីបិទវគ្គបណ្ដុះបណ្ដាលជូនដល់យុវជនស្រុកខ្សាច់កណ្ដាលរួចមកឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានប្រគល់លិខិតបញ្ជាក់ការចូលរួមវគ្គបណ្ដុះបណ្ដាលជូនដល់យុវជនស្រុកខ្សាច់កណ្ដាលបានឆ្លងកាត់វគ្គសិក្សាកន្លងមក ។ ជាបន្តឯកឧត្តមនិងក្រុមការងារបានចុះពិនិត្យការចិញ្ចឹមមាន់របស់ប្រជាកសិករនៅឃុំសន្លុងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ៕