ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ណែនាំមន្ត្រីវ័យក្មេង ត្រូវបង្កើនសមត្ថភាពឲ្យពូកែលើសមរភូមិសាធារណមតិ និងការតស៊ូមតិលើការពាក់ព័ន្ធនឹងក្រុមប្រឆាំង


(កំពត)៖ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តកំពត បានប្រាប់ទៅមន្ត្រីវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ ជាពិសេសត្រូវដុសខាត់ទស្សនៈស្មារតីឲ្យបានស្រួចស្រាវ និងពូកែនៅលើសមរភូមិសាធារណមតិ និងការតស៊ូមតិ ជាមួយក្រុមប្រឆាំង ដើម្បីរក្សាកិត្តិយសបក្ស និងរក្សាប្រយោជន៍រួម ជូនដល់ប្រជាពលរដ្ឋ។

ការប្រាប់ និងណែនាំបែបនេះ ខណៈឯកឧត្តម ជាវ តាយ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត ចូលរួមជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល អប់រំនយោបាយវគ្គទី៨ ជូនដល់ថ្នាក់ដឹកនាំគណបក្ស ថ្នាក់ខេត្ត មកពីតាមបណ្ដាមន្ទីរ អង្គភាព ប្រមាណ៥០នាក់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរគណបក្សខេត្តកំពត។

កិច្ចប្រជុំនេះដោយចូលរួមពីឯកឧត្តម ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សខេត្ត រួមទាំងអស់លោក លោកស្រីជាសមាជិក ពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ជាវ តាយ បានថ្លែងបន្តថា ដើម្បីឲ្យខ្លួនក្លាយជាកម្លាំងពិត មានការឯកភាពគ្នា ខាងការយល់ដឹងទស្សនៈសតិអារម្មណ៍ និងមានលទ្ធភាពជួយពង្រឹង ការងារគណបក្សនៅតាមបណ្ដាថ្នាក់ និងបណ្ដាផ្នែក ជាពិសេសការចូលរួមលើសមរភូមិសាធារណមតិដ៏ស្រួចស្រាវ នាពេលបច្ចុប្បន្ន ក៏ដូចជាការពង្រឹងលទ្ធភាពបន្តវេននៅពេលអនាគត ថ្នាក់ដឹកនាំបក្សបានបើកវគ្គបណ្តុះបណ្តាល ជាច្រើនលើក ក្នុងបំណងដើម្បីពង្រឹងជួរមន្ត្រីគណបក្ស និងមន្ត្រីវ័យក្មេងបក្ស ដែលកំពុងបំពេញតួនាទី ក្នុងអង្គការចាត់តាំងគណបក្ស និងអង្គការរដ្ឋ អង្គការយុវជនគណបក្ស នៅថ្នាក់ខេត្ត មន្ទីរអង្គភាពផ្សេងៗ ឲ្យមានការយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីទស្សនៈ និងការតស៊ូមតិ ជាមួយក្រុមប្រឆាំង ដែលបច្ចុប្បន្នពួកគេនៅតែចិញ្ចឹមចិត្តផ្ដួលរំលំគណបក្សប្រជាជន ដោយគ្មានទីបញ្ចប់។

ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានសង្កត់ធ្ងន់ថា ការតស៊ូ ដំណាក់កាលថ្មីនេះ មន្ត្រីគណបក្សគ្រប់រូប ពិសមន្ត្រីវ័យក្មេង ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនឱ្យសក្តិសម ជាមន្ត្រីល្អរបស់គណបក្ស ដោយបង្ហាញឲ្យឃើញពីស្មារតី ស្នេហាជាតិ មាតុភូមិ និងប្រជាជនពិតប្រាកដ និងត្រូវខិតខំស្វែងយល់ ដោះស្រាយសំណូមពរ បញ្ហា និងការលំបាក របស់ប្រជាជន ដូចពាក្យស្លោកថា “គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ។

ទន្ទឹមគ្នានេះ ឯកឧត្តមប្រធានគណបក្សខេត្ត ឯកឧត្តម ជាវ តាយ ក៏បានផ្តាំផ្ញើ ឱ្យសិក្ខាកាម ដែលបានចូលរៀនក្នុងវគ្គអប់រំនយោបាយថ្នាក់ខេត្តលើកទី៨នេះ ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង របស់វគ្គអោយបានល្អ និងខិតខំស្រូបយកចំណេះដឹង ពីគ្រូឧទ្ទេសតាមមេរៀននីមួយៗ ឱ្យអស់ពីលទ្ធភាពរហូតដល់ចប់វគ្គបណ្តុះបណ្តាលនេះ៕