មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអភិវឌ្ឍវិជ្ជាបន្ត សម្រាប់ឱសថការី


គណៈឱសថការីកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ក្របខណ្ឌនិយ័តកម្មគោលការណ៍ណែនាំស្តីអំពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត សម្រាប់ឱសថការី និងការប្រគល់ជូនវិញ្ញាបនបត្របញ្ជិកា ជូនដល់សមាជិកសមាជិកាឱសថការីកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីសារសំខាន់ នៃការបណ្តុះបណ្តាលបន្ត ដល់ឱសថការីគ្រប់រូប ធានាឱ្យបាននូវការអភិវឌ្ឍទាន់បច្ចុប្បន្នភាពនៃវិទ្យាសាស្ត្រ ដើម្បីបម្រើសុខភាពប្រជាពលរដ្ឋកាន់តែប្រសើរ។

ក្រុមប្រឹក្សាគណៈឱសថការីកម្ពុជាខេត្តពោធិ៍សាត់ បានកើតឡើងតាមសេចក្តីសម្រេចលេខ ០១៨/១៥កឱជ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ដែលមានសមាជិកលើសពី១០រូប ដែលមានលោកឱសថការី តុប វុទ្ធី ជាប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្ត។

លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនស្ថានភាពវិស័យសុខាភិបាល ក្នុងឆ្នាំ២០២០គ្របដណ្តប់ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចំនួន៤ មន្ទីរពេទ្យបង្អែកចំនួន៤ មណ្ឌលសុខភាព៤០ និងប៉ុស្តិ៍ សុខភាពចំនួន៤។

តាមរយៈសិក្ខាសាលានេះ លោកសូមឱ្យសមាជិក សមាជិកា បន្តការគ្រប់គ្រងឱសថក្លែងក្លាយ ហួសការបរិច្ឆេទ ឱសថហាមឃាត់ដែលចរាចរណ៍លើទីផ្សារ និងត្រូវបន្តចូលរួមឱ្យបានទាំងអស់គ្នា ដើម្បីសុខភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ជាពិសេសចូលរួមបង្កា និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោកឱសថការី បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា បានថ្លែងក្នុងពិធិបើកសិក្ខាសាលានោះថា ដោយបានការគាំទ្រសម្របសម្រួល និងការងារបច្ចេកទេស ពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី និងលោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចងក្រងកម្រងលិខិបទដ្ឋានគតិយុត្ត នៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត របស់គណៈឱសថការីកម្ពុជានេះឡើង ដើម្បីចូលរួមអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងដល់អ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ធានាក្នុងការការពារសុខភាព សុវត្ថិភាពជូនប្រជាជន ដោយមានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។

លោកបានថ្លែងថា លិខិតបទដ្ឋានគតិយុត្តនេះ មានសារៈប្រយោជន៍ចំពោះអ្នកប្រកបវិជ្ជាជីវៈ ឱសថសាស្ត្រ អមវេជ្ជសាស្ត្រ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រ និងអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់ និងធ្វើឱ្យប្រសើរឡើង នូវចំណេះដឹង សមត្ថភាពជំនាញថ្មីៗ ស្របតាមច្បាប់ ក្របសីលធម៌ ជូនដល់អ្នកជំងឺ អតិថិជន និងសហគមន៍។

លោបានបន្តថា ការអភិវឌ្ឍវិជ្ជាជីវៈបន្ត គឺសំដៅដល់ដំណើរការនៃការសិក្សាពេញមួយជីវិត ដែលមានគោលបំណងរក្សា និងលើកកម្ពស់នូវការ អនុវត្តរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល តាមរយៈការពង្រឹងចំណេះដឹង ការស្រាវជ្រាវ ដែលចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈ។

លោកឱសថការី បាន បុត្តា បានលើកឡើងថា អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល គណៈឱសថការីកម្ពុជា មានតួនាទីចុះបញ្ជិកា ចេញអាជ្ញាបណ្ណ និងស៊ើបអង្កេតបណ្តឹងជាដើម។

បន្ទាប់ពីធ្វើបទបង្ហាញអំពីគោលការណ៍ណែនាំ ការអភិវឌ្ឍវិជ្ជាជីវៈបន្តនោះរួចមក ក៏មានកម្មវិធីចែក វិញ្ញាបនបត្របញ្ជិកាឱសថការីកម្ពុជា ជូនដល់សមាជិក សមាជិកាខេត្តពោធិ៍សាត់ នាពេលនោះផងដែរ៕