ឯកឧត្តម នុត ច័ន្ទសុខា អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរៀបចំឡើងដោយក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ


នៅរសៀលថ្ងៃអង្គារ៍ ០៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតី នៅក្នុងវេទិកាសាធារណៈរៀបចំឡើងដោយក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ សម្រាប់មូលដ្ឋានឃុំ៣ គឺឃុំត្រពាំងព្រីង ឃុំតំបែរ និងឃុំគោកស្រុក ស្ថិតនៅភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីក្នុងឃុំទាំង៣ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ១៥៤ នាក់ ។
មានប្រសាសន៍ទៅកាន់អង្គវេទិកា ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ជាពិសេសការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងឃុំទាំង៣ ព្រមទាំងបានជម្រាបជូនដោយសង្ខេបអំពីសមិទ្ធិផលនានា ដែលកើតចេញអំពីការខិតខំប្រឹងប្រែង និងការជម្រុញអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈអង្គការវេទិកាសាធារណៈនាឱកាសនេះ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរចំនួន ០៦សំណើ/សំណូមពរ រួមមាន÷
១. តំណាងសហគមន៍កសិកម្មបៃតងគោកស្រុក ស្នើសុំកសាងផ្លូវចូលចំការនៅភូមិគោកស្រុក ប្រវែង៣.០០០ម៉ែត្រ។ បញ្ហានេះ ឯកឧត្តមបានប្រគល់ជូនរដ្ឋស្រុក រដ្ឋបាលឃុំ សហការជាមួយមន្ទីរអភិវឌ្ឍជនបទខេត្ត ពិនិត្យលទ្ធភាពដោះស្រាយ។
២. តំណាងប្រជាពលរដ្ឋភូមិគោកស្រុក ស្នើសុំជួយបើកផ្លូវរទេះចាស់ក្នុងភូមិ ដែលត្រូវបានប្រជាពលរដ្ឋ១គ្រួសារ រំលោភយកជាង១០០ម៉ែត្រ។ បញ្ហានេះឯកឧត្តម បានណែនាំដល់ក្រុមការងារសហការជាមួយរដ្ឋបាលស្រុក ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធរួមគ្នាចុះពិនិត្យ និងខិតខំរកវិធីសាស្ត្រសម្របសម្រួលដោះស្រាយ ។
៣. សមាជិកភូមិស្រែប្រាំង បានស្នើសុំជួសជុលផ្លូវលំក្នុងភូមិ តភ្ជាប់មកផ្លូវសាមលីញប្រវ៊ង២៥០០ម៉ែត្រ ដែលកំពុងរងការខូចខាត។ បញ្ហានេះ រដ្ឋបាលឃុំត្រពាំងព្រីង បានបញ្ជាក់ថា ផ្លូវដែលស្នើនេះ ត្រូវបានបញ្ចូលក្នុងគំរោងអភិវឌ្ឍឃុំ ហើយមានការគាំទ្រពីគំរោងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ជុំវិញបឹងទន្លេសាប ដែលអាចសាងសង់ពេលខាងមុខនេះ។
៤.នាយកសាលាបឋមសិក្សាគោកចារ ស្នើសុំអគារសិក្សា១ខ្នង និងសាលាមត្តេយ្យមួយខ្នង។ បញ្ហានេះ ឯកឧត្តម បានប្រគល់ភារកិច្ចដល់រដ្ឋបាលស្រុក ពិនិត្យពិភាក្សាជាមួយការិយាល័យអប់រំស្រុក និងមន្ទីរអប់រំយុវជន និងកីឡាខេតហតត្បូងឃ្មុំ ដម្បីរកលទ្ធភាពដោះស្រាយ។
៥.នាយករងសាលាបឋមសិក្សាសំបូរមាស ភូមិដូនមាស ស្នើសុំអាកុល និងសាប៊ូសម្រាប់អោយសិស្សបានលាងសំអាតដៃ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។ បញ្ហានេះ ឯកឧត្តម បានប្រគល់ជូនឯកឧត្តម ងិន ឆាយ ទទួលបន្ទុកដោះស្រាយផ្តល់ជូនគ្រប់សាលារៀននៅក្នុងឃុំទាំង៣ ចំនួន២២សាលា ដោយឧបត្ថម្ភសាប៊ូលាងដៃក្នុង១សាលារៀន ទទួលបាន១ប៊ីដុង ចំណុះ៣០លីត្រដូចគ្នា ក្រុមការងារនឹងរៀបចំផ្តល់ជូនពេលខាងមុខ។
៦.ប្រជាពរដ្ឋភូមិជ័យសម្បត្តិ ឃុំតំបែរ ស្នើសុំជួយជួសជុលស្ពានខាងត្បូងវត្តតំបែរ។ បញ្ហានេះ រដ្ឋបាលស្រុកបានស្នើសុំការជួយគាំទ្រពីរដ្ឋបាលខេត្តរួចហើយ ដើម្បីសាងសង់ជូន ដោយបូកបន្ថែមនឹងផ្លូវក្នុងទីប្រជុំជនស្រុក ប្រវែង៨០០០ម៉ែត្រ ផងដែរ ដោយគ្រោងចាក់កៅស៊ូ ដែលបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសបានចុះវាស់វែងសិក្សា បញ្ចូលក្នុងគម្រោងសុំការសម្រេចពីថ្នាក់ដឹកនាំខេត្ត។
ឯកឧត្តមគណៈអធិបតី បានថ្លែងអំណរគុណចំពោះអង្គវេទិកា ដែលបានដំណើរការ និងទទួលបានលទ្ធផលផ្លែផ្កា ដោយអ្វីដែលជាសំណើសំណូមពរ សុទ្ធតែជាបញ្ហាពិតជាក់ស្តែង ហើយទាំងក្រុមការងារ អាជ្ញាធរ និងជំនាញពាក់ព័ន្ធ បានសហការស៊ីសង្វាក់គ្នាក្នុងការគិតគូររកដំណោះស្រាយជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយនេះឯកឧត្តម បានដោះស្រាយបន្ថែមជាក់ស្តែងរួមមាន៖
១.ឧបត្ថម្ភថវិកាសម្រាប់ដោះស្រាយថ្លៃរោង កៅអ៊ី ចំនួន១.០០០.០០០រៀល។
២.ឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចំនួន១៥៤នាក់/១នាក់២ម៉ឹនរៀល សរុប៣.០០៨.០០០រៀល
៣.ឧបត្ថម្ភថវិកាដល់វត្តទូទាំងស្រុកចំនួន២៩វត្ត ដើម្បីចូលរួមចំណែកបុណ្យកឋិនទានដោយក្នុងមួយវត្តទទួលបានថវិកាចំនួន៥០.០០០រៀល សរុប១.៤៥០.០០០រៀល។
៤.ឧបត្ថម្ភថវិកាដល់លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក កងកម្លាំងទាំង៤ លោកមេឃុំទាំង៣ ផងដែរ។
សរុបចំណាយទាំងអស់ក្នុងវេទិកាស្មើចំនួន ៧,៩៥០,០០០៛។