ក្រុមប្រឹក្សាខេត្តសៀមរាបៈ ការទទួលបានផ្លូវ៣៨ខ្សែ ពីប្រមុខរាជរដ្ឋាភិបាលជាផែនការប្រវត្តិសាស្ត្រ


សៀមរាប ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត កាលពីថ្ងៃ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ ។

កិច្ចប្រជុំសាមញ្ញនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីនាយករដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយកទីចាត់ការចំណុះសាលាខេត្ត អាជ្ញាធរក្រុង ស្រុកផងដែរនោះ បានផ្តោតជាសំខាន់ទៅលើការទទួលបានផ្លូវ៣៨ខ្សែ ពីប្រមុខរាជរដ្ឋាភិបាល ថាជាផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនេះក៏បានធ្វើការចាប់អារម្មណ៍ទៅលើការរុះរើរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី និងលំនៅដ្ឋានដែលប៉ះពាល់លើគម្រោងផ្លូវទាំង៣៨ខ្សែ ដែលបានស្ម័គ្រចិត្តរុះរើដោយខ្លួន​ឯងយ៉ាងសស្រាក់សស្រាំ។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា មានប្រសា សន៍ថា ក្នុងនាមអាជ្ញាធរខេត្តសូមធ្វើការថ្លែងអំណរគុណ និងកោតសរសើរពីស្មារតីចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ផ្លូវថ្នល់ក្នុងក្រុងសៀមរាបនេះ។]

ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ផងដែរថា ផ្លូវទាំង៣៨ខ្សែនេះ គឺជាផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រ ផ្តល់នូវកញ្ចប់ថវិកា របស់សម្តេចនាយករដ្ឋមន្ត្រី ដើមី្បធ្វើការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ក្នុងទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ

ឱ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលឡើង ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្រោយពេលបញ្ចប់ជំងឺកូវីដ-១៩។ ក្រៅពីគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនេះ ខេត្តក៏បានលើកនូវគម្រោងស្ថាបនាផ្លូវមួយចំនួនទៀតក្នុងក្រុងសៀមរាប ហើយចំពោះគម្រោងផ្លូវនៅថ្នាក់ស្រុកខ្លះទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាក៏មានគម្រោងសាងសង់ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំសាមញ្ញនោះ ក៏បានពិភាក្សាអំពីរបៀបរបបការងាររដ្ឋបាលថ្នាក់ស្រុក និងរបាយការណ៍៩ខែដើមឆ្នាំ២០២០ផងដែរ។ បន្ទាប់ពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ បានធ្វើការបកស្រាយរាល់ចំណុចលើកឡើងរបស់សមាជិកនៃក្រុមប្រឹក្សាខេត្តរួចមក ឯកឧត្តម អ៊ឹង ហឿន ក៏បានធ្វើការវាយតម្លៃអំពីលទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត ដោយទទួលបានលទ្ធផលជាផ្លែផ្កា សម្រាប់ក្នុងការយកទៅអនុវត្តន៍ក្នុងខែបន្តទៀត។ ហ

ឯកឧត្តម អ៊ឹង ហឿន បានធ្វើការសាទរ នៃផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាប ដែលទទួលបានផ្លូវ៣៨ខ្សែ ដែលបានសម្រេចដោយអន្តរក្រសួង ក្រោមការផ្តល់កញ្ចប់ថវិកាពីប្រមុខរាជរដ្ឋាភិបាល ហើយក៏ជាឱកាសសម្រាប់ខេត្តប្រវត្តិសាស្ត្រ ធ្វើកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងពេលដែលនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ-១៩។

ឯកឧត្តម អ៊ឹង ហឿន បានផ្តល់នូវក្តីសង្ឃឹមថា ក្រោយពេលបញ្ចប់នៃជំងឺកូវីដ-១៩នេះទៅ ក្រុងសៀមរាបនឹងកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល ក្នុងការទាក់ទាញដល់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តសប្បាយ។ ឯកឧត្តមក៏បានសំណូមពរដល់បណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក គឺត្រូវបង្កើនការងាររបស់ខ្លួន សំខាន់រាល់បញ្ហាដែលនៅសេសសល់ យកមកធ្វើការដោះស្រាយ ដើមី្បឱ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងកន្លងមក ក្នុងគោលដៅបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕