ផ្លូវបេតុងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបើកការដ្ឋានជួសជុលចំណាយអស់ថវិកាជាង ១០ម៉ឺនដុល្លារ


 ផ្លូវចាក់បេតុង១ខ្សែ មានប្រវែង១៥០ម៉ែត្រ ទទឺង១៥ម៉ែត្រ ជាអំណោយរបស់សប្បុរសជន បានចាប់បើកការដ្ឋានជួសជុល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់។

ឯកឧត្តមអភិបាលក្រុងបានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ភ្ញៀវជាតិ-អន្តរជាតិ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់ច្រកទ្វារប៉ោយប៉ែត សប្បុរសជនបានមូលមតិគ្នាជាឯកច្ឆ័ន្ទ ចូលជាថវិកាជួសជុលផ្លូវចាក់បេតុងមួយខ្សែនេះឡើងចាប់ពីចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់រង្វង់មូលក្រុងប៉ោយប៉ែត ធ្វើតាមរយៈអាជ្ញាធរដែនដីដោយចំណាយ ថវិកាជាង១០ម៉ឺនដុល្លារ។

ឯកឧត្តមបន្តថា ពេលជួសជុលរួចរាល់នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បានស្រួលក្នុងការដឹកទំនិញផលិតផលចេញចូលក្នុង និងក្រៅប្រទេសទៅកាន់ទីផ្សារក៏ដូចជា អ្នកធ្វើដំណើឆ្លងកាត់ដូចជា សិស្សនុសិស្ស និងងាយស្រួលដឹកអ្នកជម្ងឺទៅទៅកាន់មណ្ឌលសុខភាពទាន់ពេលវេលាផងដែរ។

ឯកឧត្តមអភិបាលក្រុងសូមអគុណដល់ក្រុមហ៊ុនកាស៊ីណូ និងស្ថាប័នពាក់ព័ន្ធ អាជីវករ និងប្រជាពលរដ្ឋដែលបានរួមគ្នា ស្ថាបនាផ្លូវនេះសារថ្មីទ្បើងវិញ និងចូលរួមសហការជាមួយក្រុមការងារ ស្ថាបនាផ្លូវ១ខ្សែនេះ ឲ្យបានរលូនដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។

ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលទទួលបានផ្លូវចាក់បេតុងថ្មី ត្រូវចេះជួយថែរក្សាឲ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ ដែលអាចធ្វើដំណើរបន្ត ព្រោះផ្លូវចាក់បេតុងនេះមានតម្លៃណាស់ក្នុងការស្ថាបនា។

ពលរដ្ឋបានថ្លែងអំណរអគុណដល់អាជ្ញាធរក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់កៀរគរ តាមបណ្តាក្រុមហ៊ុនផ្សេងៗ ស្ថាប័នពាក់ព័ន្ធ និងអាជីវករនៅក្រុងប៉ោយប៉ែត ដើម្បីស្ថាបនាផ្លូវបេតុង១ខ្សែនេះជាថ្មីទ្បើងវិញ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់តំបន់នេះផងដែរ៕