ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំមន្ត្រីបច្ចេកទេស និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកក្នុងអាង និងការងារបង្កបង្កើនផលស្រូវវស្សា


នៅថ្ងៃពុធ ៥រោច ខែអស្សុជ​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីបច្ចេកទេស និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកក្នុងអាង និងការងារបង្កបង្កើនផលស្រូវវស្សា។
-ក្រុមការងារបានចុះពិនិត្យអាងទឹក ចំនួន៣កន្លែង: ទី១-អាងទឹកកណ្តេរ ទី២- អាងទឹកត្បូងដំរី មានទីតាំងនៅក្នុងឃុំឈូក និងទី៣-អាងទឹកបឹងធំ ស្ថិតក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ។ តាមការពិនិត្យជាក់ស្តែង ក្នុងស្ថានភាពបច្ចុប្បន្នអាងទឹកទាំង៣នេះ មានទឹកនៅក្នុងអាងប្រមាណពី២០-៤០%ប៉ុណ្ណោះ និងបើប្រៀបធៀបទៅឆ្នាំមុន ឆ្នាំនេះបរិមាណទឹកក្នុងអាងមានបរិមាណតិចជាងគួរឲ្យកត់សម្គាល់។ កត្តានេះបណ្តាលមកពីកម្ពស់ទឹកទន្លេមេគង្គមានកម្រិតទាបមិនអាចហូរចូលអាងទឹកបាន និងបរិមាណទឹកភ្លៀងមកដល់ពេលនេះនៅមានកម្រិតតិចជាងឆ្នាំមុនផងដែរ។
ចំពោះអាងទឹកផ្សេងៗទៀតនៅក្នុងខេត្តត្បូងឃ្មុំ មានស្ថានភាពទឹកប្រហាក់ប្រហែលគ្នាទៅនឹងអាងទឹកទាំង៣កន្លែងខាងលើដែរ។ ជាបញ្ហាប្រឈមនៅពេលខាងមុខ ប្រសិនបើមិនមានភ្លៀងធ្លាក់ច្រើននោះទេ អាងទឹកទាំងអស់មិនមានទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ស្រូវប្រាំងបាននោះទេ និងដោយឡែកចំពោះស្រូវវស្សា លទ្ធភាពទឹកសម្រាប់ស្រោចស្រពមិនមានបញ្ហាចោទ ហើយដំណាំស្រូវកំពុងមានការលូតលាស់ល្អ។
-អំពីបរិមាណទឹកភ្លៀង គិតពីដើមឆ្នាំមកដល់ត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ មានចំនួន៨៧៦,៣មីលីម៉ែត្រ នៅឆ្នាំ២០១៩ ពេលវេលាដូចគ្នាមានចំនួន១.២៥៦,៧មីលីម៉ែត្រប្រៀបធៀបឆ្នាំនេះតិចជាងឆ្នាំមុនចំនួន ៣៨០,៤មីលីម៉ែត្រ។
-កម្ពស់ទឹកទន្លេមេគង្គអតិបរមានៅឆ្នាំ២០២០ មានកម្ពស់១០,២៣ម៉ែត្រ និងកម្ពស់ទឹកទន្លេមេគង្គអតិបរិមានៅឆ្នាំ២០១៩ មានកម្ពស់១៥,៧៥ម៉ែត្រ ប្រៀបធៀបកម្ពស់ទឹកឆ្នាំនេះទាបជាងឆ្នាំមុន ចំនួន ៥,៥២ម៉ែត្រ ។
-សម្រាប់ការងារបង្កបង្កើនផល និងប្រមូលផលស្រូវរដូវវស្សា គិតត្រឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានបញ្ចប់ការសាបព្រោះដកស្ទូង ដោយអនុវត្តបានចំនួន ៧៧.៣៨០ហិកតា ស្មើ ១០០% នៃផែនការ និងការប្រមូលផលច្រូតកាត់បានចំនួន ៦.៣៨៥ហិកតា ស្មើនឹង ៨,២៥% ទិន្នផលមធ្យមស្មើ ៣.៦តោន/ហិកតា ៕
========================
On Wednesday 07 October 2020, H.E. Thoar Chetha, Secretary of State for Ministry of Water Resources and Meteorology, led the technicians to inspect the Water Level of the 3 reservoirs and cultivation fields.