អភិបាលខេត្តប៉ៃលិន ជំរុញឱ្យប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំលក្ខណៈគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងសហគមន៍ស្របពេលបញ្ហាកូវីដ១៩


(ប៉ៃលិន)៖ លើកឡើងក្នុងពិធីចែកកូនត្រី និងកូនកង្កែបដល់កសិករបណ្តុំអាជីវកម្មវារីវប្បកម្ម ទូទាំងខេត្តប៉ៃលិន របស់កម្រោង ASPIRE នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាព គ្រួសារឱ្យបានកាន់តែល្អ ប្រសើរឡើង ស្របពេលជម្ងឺកូវីដ១៩ កំពុងកើតមានឡើង ដែលជាបញ្ហាចម្បងមួយបណ្តាលឱ្យបងប្អូន ប្រជាពលរដ្ឋមិនអាចចេញទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិត ហើយជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីសម្រេចគោលដៅលើការចិញ្ចឹមកង្កែប និងត្រីនេះ កសិករផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឱ្យត្រូវ តាមរដូវ កាល និងតម្រូវការទីផ្សារផងដែរ លើសពីនោះកសិករយើងត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឱ្យបានត្រឹម ត្រូវតាមការណែនាំ និងលក្ខណៈបច្ចេកទេស។

ឯកឧត្តម ផាន់ ចាន់ធុល បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតជម្ងឺ ដម្កាត់ផ្សេងៗ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះជម្ងឺកូវីដ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយបើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឲ្យក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម បានឱ្យដឹងថា គម្រោង ASPIRE គឺជាឧបករណ៍មួយសម្រាប់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាល ផ្តល់បច្ចេកទេសធនធាន ថវិកា សំភារៈ ដល់ពលរដ្ឋទាំងអស់ឲ្យពួកគាត់មានមុខរបរ ការងារ ដើម្បីបង្កើនផលិតផលនានាសំរាប់ផ្គត់ផ្គង់ទីផ្សានៅតាមតំបន់នានាអោយបានគ្រប់គ្រាន់ទាន់ពេលវេលា នឹងជាពិសេសដើម្បីផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្ត កម្រោង ASPIRE ដែលកំពុងយកចិត្តទុកដាក់ជួយដល់ប្រជាកសិករ តាមរយៈការផ្តល់ពូជត្រី មាន់ កង្កែប និងចំណីផ្សេងៗ ដែលជាទិសដៅ សំខាន់សំរាប់ចូលរួមចំណែក បង្កើនការងារមុខរបរ នឹងជាសេសបង្កើននូវសេដ្ឋជាតិឲ្យមានការរីកចំរើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ទូទាំងខេត្តប៉ៃលិនបណ្តុំអាជីវកម្មវារីវប្បកម្មចិញ្ចឹមត្រី កង្កែប មានចំនួន ១៧បណ្តុំ បានកំពុងដំណើរការផលិត និងមានមេបាពូជ ៣៦គូស្មើនឹង ៧២ក្បាល ព្រមទាំងផលិតបានកូនកង្កែបចំនួន ៣៣,០០០ក្បាល ក្នុងនោះគម្រោង Aspire គ្រួសារកសិករចិញ្ចឹមកង្កែបមានចំនួន ២៨៩គ្រួសារ កង្កែបដាក់ចិញ្ចឹម ៧៥,៨០០កូន ដោយក្នុង ០១គ្រួសារទទួលបានកូនកង្កែបចំនួន ២០០កូន ទៅ១២០០កូន ហើយចំពោះគ្រួសារចិញ្ចឹមត្រីមានចំនួន ១៧៨គ្រួសារ មានកូនត្រីអណ្តែង ត្រីប្រា ត្រីកាប ត្រីទីឡាបព្យា ត្រីឆ្ពិនសរុបចំនួន ១១៨,៨៥០កូន ដោយក្នុង ០១គ្រួសារទទួលបានកូនត្រីចំនួន ២០០កូន ទៅ ១២០០កូន៕