សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ និងប្រធានមណ្ឌលសុខភាពឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ


ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០នៃព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការ ទី៥ នៃព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍ រដ្ឋបាលឃុំ និងប្រធានមណ្ឌលសុខភាពឃុំអញ្ចើម ស្ថិតនៅសាលាឃុំអញ្ចើម ស្រុកត្បូងឃ្មុំ
អមដំណើរ លោកសួន សុខុន ប្រធានក្រុមប្រឹក្សាស្រុក លោក សេង សុខឿន អភិបាលស្រុក ។
ពិធីសំណេះសំណាលនេះ ធ្វើឡើងដើម្បី ១-ផ្សព្វផ្សាយអំពីរចនាសម្ព័ន តួនាទីភារកិច្ច និង មុខងារ របស់ព្រឹទ្ធសភា និង ២-ស្តាប់សេចក្តីរាយការណ៍របស់ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ អំពី ៖
– ការងារអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំកន្លងមក
– ការងារធ្វើផែនការអភិវឌ្ឍន៍ឃុំ
– ការងារគ្រប់គ្រង ប្រើប្រាស់មូលនិធិឃុំ
– ការងារផ្តល់សេវាសាធារណៈ(អត្រានុកូលដ្ឋាន)
– ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
– ការងារពិនិត្យបញ្ជីរឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០
– និងការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី បានឧបត្ថម្ភអ្នកចូលរួមចំនួន ១៣នាក់ ក្នុងម្នាក់ៗ ក្រម៉ា១ និងថវិកា ចំនួន២០,០០០៛។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម ឡាន់ ឆន និងឯកឧត្តម ឆាយ វណ្ណា បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករដាំសណ្តែកគួរ នៅភូមិខ្នាចក្រសាំង និងកសិករដាំ ត្រប់ និងដាំស្ពៃ នៅភូមិស្ទឹងពេញឃុំជីគរ ស្រុកត្បូងឃ្មុំ អមដំណើរដោយលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាល អភិបាលរងស្រុក លោកមេឃុំជីគរ និងមេភូមិ ហើយក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភ ទុយយោទឹកចំនួន ១ដុំ(ប្រវែង ១០០០ម៉ែត្រ) ក្រម៉ា សារ៉ុង ដល់កសិករផងដែរ។