ឯកឧត្តម វេង សាខុន ទទួលជួប គណៈប្រតិភូជប៉ុន ដឹកនាំដោយតំណាងរាស្រ្តប្រចាំខេត្តអូកាយ៉ាម៉ា


កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប គណៈប្រតិភូជប៉ុន ដឹកនាំដោយ Dr. Koichiro Kobayashi តំណាងរាស្រ្តប្រចាំខេត្តអូកាយ៉ាម៉ា ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវសេចក្តីសោមនស្សរីករាយដែលប្រតិភូជប៉ុនមានគម្រោងរៀបចំពិធីតាំងពិពណ៌ផ្សព្វផ្សាយបង្ហាញពីភាពទាក់ទាញរបស់ខេត្តអូកាយ៉ាម៉ា នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាចំណងមិត្តភាពរវាងប្រទេសជប៉ុននិងកម្ពុជាថាមានភាពជិតស្និតស្ថិតស្ថេរក្នុងដួងចិត្តប្រជាជននៃប្រទេសទាំងពីរជាយូរមកហើយ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថាកម្ពុជាចង់ឃើញវត្តមានជាច្រើនទៀតពីជប៉ុន ជាពិសេសគឺការបោះទុនវិនិយោគក្នុងប្រទេសកម្ពុជាលើផ្នែក Food Processing ផ្នែកគ្រឿងយន្តកសិកម្ម(ម៉ាស៊ីនស្ទូងស្រូវ ម៉ាស៊ីនដាំដំឡូងមី ជាដើម) និងបច្ចេកវិទ្យាដាំដុះថ្មីៗដែលអាចជួយដល់ប្រជាកសិករមានវ័យចំនាស់អាចទទួលបានភាពងាយស្រួលនៅក្នុងការធ្វើកសិកម្ម ហើយទទួលបានប្រាក់ចំណូលខ្ពស់ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជាក៏មានជួបបញ្ហាដូចទៅនឹងប្រទេសជប៉ុនដែរ កសិករដែលមានវ័យក្មេងមិនសូវចាប់អារម្មណ៍លើការដាំដុះ រួចបាននាំគ្នាធ្វើចំណាកស្រុកទៅទីក្រុងនិងប្រទេសក្នុងតំបន់ ម៉្យាងវិញទៀតផ្ទៃដីកសិកម្មរបស់កសិករមានទំហំតូចដែលមិនអាចឲ្យពួកគាត់បង្កើតជាកសិដ្ឋានធំៗបាន ដែលទាំងនេះគឺជាបញ្ហាប្រឈមដែលរដ្ឋាភិបាលកំពុងតែព្រួយបារម្ភ ដូច្នេះឯកឧត្តមរដ្ឋមន្រ្តីចង់ឲ្យមានជំនាញការរបស់ជប៉ុនមកសហការជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីពិនិត្យមើលពីលទ្ធភាពដែលអាចជួយដល់កម្ពុជា។
លោក Koichiro Kobayashi បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកមានប្រសាសន៏ថា ខេត្តអូកាយ៉ាម៉ាគឺជាខេត្តដែលមានការរីកចម្រើនខ្លាំងខាងវិស័យកសិកម្មជាពិសេសដំណាំទំពាំងបាយជូរ ហើយសង្ឃឹមថាកម្ពុជានឹងមានកិច្ចសហការល្អបន្ថែមទៀតជាមួយខេត្តអូកាយ៉ាម៉ាលើវិស័យកសិកម្ម។ លោក Koichiro Kobayashi បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាប្រទេសជប៉ុនកំពុងតែខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំងព្រោះកសិករនៅប្រទេសជប៉ុនភាគច្រើនបានវ័យចំណាស់អាយុរហូត៧០ឆ្នាំ ព្រោះប្រជាជនជប៉ុនក្មេងៗមិនចាប់អារម្មណ៍លើវិស័យកសិកម្មឡើយ។ ដូច្នេះប្រទេសជប៉ុនកំពុងតែរៀបចំគោលការណ៍ដើម្បីលើកទឹកចិត្តដល់ប្រជាជនវ័យក្មេងឲ្យងាកមកចាប់អារម្មណ៍លើវិស័យកសិកម្មវិញ។ លោកបានបន្ថែមលើនេះថាខេត្តអូកាយ៉ាម៉ានឹងបន្តពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជានិងផ្លាស់ប្តូរទស្សនកិច្ចសិក្សាជាមួយកម្ពុជាឲ្យបានកាន់តែប្រសើរឡើង។