អភិបាលខេត្តកណ្ដាលចូលរួមប្រជុំបូកសរុប និងចាត់អត្ថិភាពតម្រូវការ​គម្រោងកម្ម​វិធីវិនិយោគ បីឆ្នាំ​រំកិលខេត្ត ២០២១-២០២៣


កណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានចូលរួមកិច្ចប្រជុំបូកសរុប និង ចាត់អត្ថិភាពតម្រូវការគម្រោងកម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត ២០២១-២០២៣ កាលពីថ្ងៃ​ទី០៨ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ​សមាជិកក្រុម​ប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាង១០០នាក់។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា គោលបំណងសំខាន់ក្នុងដំណើរ​ការ​កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ គឺដើម្បីណែនាំដល់មន្ទីរជំនាញក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធនានា ពិនិត្យពិចារណាលើ គម្រោងដែលជាតម្រូវការ​គម្រោងជា​អាទិភាពដើម្បីបញ្ចូល ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឱ្យស្របតាមស្ថានភាព​ជាក់ស្ដែង​របស់មូលដ្ឋានឱ្យបានទាន់ពេលវេលាតាមការកំណត់។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ ថា សំណើគម្រោងទាំងឡាយណាដែលមន្ទីររដ្ឋបាលក្រុងស្រុកនិងអង្គភាពពាក់ព័ន្ធលើក ឡើងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យស្របទៅតាមលក្ខន្តិកៈវិនិច្ឆ័យដែលបានកំណត់ ក្នុងសៀវភៅណែនាំបច្ចេកទេស ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ។ ចំពោះលក្ខខណ្ឌ​វិនិច្ឆ័យ​ទាំងនោះរួមមាន ១. ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍មានន័យថា គម្រោង ឬសេវាទាំង​នោះ ត្រូវឆ្លើយតបទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្រប​ខ័ណ្ឌ​អភិវឌ្ឍន៍ខេត្ដ។ ២. ស្ថិត​ក្នុងដែនសមត្ថកិច្ចខេត្ត គម្រោង ឬសេវាទាំងនោះ​ត្រូវស្ថិតនៅក្នុង ដែនសមត្ថកិច្ចរបស់រដ្ឋបាល។ ៣. ស្ថិតក្នុងអន្តររដ្ឋបាលដែនដី គម្រោង ឬសេវាដែល មាន លក្ខណៈអន្ដរក្រុង-ស្រុក។ ៤. កំណត់អតិបរមាលើ​ចំនួនគម្រោង គឺត្រូវកំណត់យក​គម្រោង តាមចំនួន ដែលបាន​កំណត់ ករណីដែលមានការស្នើឡើងច្រើន។

ឯកឧត្ដមអភិបាលខេត្តបានបន្ដថា  ដើម្បីធ្វើឱ្យដំណើរការរៀបចំកសាងកម្មវិធីវិនិ​យោគ​​បី​ឆ្នាំរំកិលខេត្ត ទទួលបានជោគជ័យ ឯកឧត្តមបានស្នើឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូល ហើយត្រូវដំណោះស្រាយឱ្យបានច្បាស់លាស់ ត្រូវចាត់​អត្ថិភាព​គម្រោងដើម្បីអនុវត្តន៍ឱ្យស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានខ្លួន។ ជាមួយគ្នានេះ ត្រូវខិតខំឱ្យអស់ពីលទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការ​អភិវឌ្ឍន៍នានាឱ្យបានទាន់ពេលវេលា៕